ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃចន្ទ (១ កញ្ញា) នេះ បានជំរុញបណ្ដាមេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ ឱ្យប្រឹងប្រែងបង្កើន «ទីផ្សារខ្នាតធំ» ខណៈប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញចក្ខុវិស្ស័យដូចគ្នា ដោយការគាំទ្រចំពោះមហិច្ឆតារបស់លោក Xi សម្រាប់សន្តិសុខ និងសណ្តាប់ធ្នាប់សកលលោកថ្មីមួយ ដែលបង្កបញ្ហាដ៏គួរឱ្យបារម្ភចំពោះសហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាបើកទៅកាន់មេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅទីក្រុងកំពង់ផែធានជីន ភាគខាងជើងប្រទេសចិន លោក Xi បានថ្លែងថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានកំណត់គំរូសម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មីមួយ។ លោកលើកឡើងថា៖ «គ្រប់ភាគីគួរតែគាំទ្រភាពស្មើគ្នា និងសណ្តាប់ធ្នាប់នៃពិភពលោកពហុប៉ូល ដោយរួមបញ្ចូលសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែយុត្តិធម៌ និងសមធម៌”។

លោក Xi បន្តថា «ទាំងអស់គ្នាត្រូវតែទាញយកអត្ថប្រយោជន៍ពីទីផ្សារខ្នាតធំ ដើម្បីកែលម្អកម្រិតនៃការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ» ដោយជំរុញឱ្យប្លុកនេះបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។ ចំណែកលោក Putin វិញបាននិយាយថា ក្រុម SCO បានធ្វើឱ្យរស់ឡើងវិញនូវ "ពហុភាគីនិយមពិតប្រាកដ" ជាមួយនឹងរូបិយបណ្ណជាតិ ដែលត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងទៅវិញទៅមក។
ជាមួយគ្នានេះ លោក Xi ក៏អំពាវនាវដល់ដៃគូអង្គការ SCO ឱ្យ "ប្រឆាំងនឹងចិត្តគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងប្លុក" និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ការអត្ថាធិប្បាយដែលមិនលើកឈ្មោះដល់ប្រទេសណាមួយនេះ ហាក់វាយប្រហារចំៗលើសង្គ្រាមពន្ធគយរបស់អាមេរិក ដែលបានជះឥទ្ធិពលដ៏ធំលើប្រទេសកំពុងអភិវឌ្ឍជាច្រើន ដូចជាឥណ្ឌាជាដើម ដែលទើបរងពន្ធ ៥០% ពីអាមេរិក កាលពីសប្តាហ៍មុន៕
