ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានឆ្មក់ឆែកការិយាល័យនៃទីភ្នាក់ងារស្បៀងអាហារ សុខភាព និងកុមាររបស់អង្គការសហប្រជាជាតិ ក្នុងរដ្ឋធានីយេម៉ែន ដោយឃាត់ខ្លួនបុគ្គលិកចំនួន ១១នាក់។ ក្រុមឧទ្ទាមនេះ បានរឹតបន្តឹងសន្តិសុខនៅទូទាំងទីក្រុង Sanaa បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់នាយករដ្ឋមន្ត្រីរបស់ពួកគេ និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់។

លោក Abeer Etefa អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងសន្តិសុខ បានឆ្មក់ចូលការិយាល័យរបស់ទីភ្នាក់ងារនានា នៅក្នុងរដ្ឋធានីដែលគ្រប់គ្រងដោយក្រុម ហ៊ួទី កាលពីព្រឹកថ្ងៃអាទិត្យ។

បើយោងតាមមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីហ៊ួទី ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការិយាល័យរបស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ (UNICEF) ក៏ត្រូវបានឆ្មក់ឆែកផងដែរ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា កងកម្លាំងប្រដាប់អាវុធ បានឆ្មក់ចូលឆែកការិយាល័យ និងសាកសួរបុគ្គលិក នៅក្នុងចំណតរថយន្ត។
លោក Ammar Ammar អ្នកនាំពាក្យរបស់អង្គការ UNICEF បាននិយាយថា បុគ្គលិករបស់ទីភ្នាក់ងារមួយចំនួន ត្រូវបានឃាត់ខ្លួន ហើយអង្គការនេះ កំពុងស្វែងរកព័ត៌មានបន្ថែមពីក្រុមហ៊ួទី។