បាល់ឱប៖ ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានបញ្ចប់ និងរកឃើញក្រុមជើងឯកប្រចាំឆ្នាំហើយ ក្រោយដំណើរការប្រកួត ១ថ្ងៃពេញនៅទីលានវិទ្យាល័យ ជា ស៊ីម បឹងកេងកងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដោយបានបញ្ចប់ដោយរលូន ពិសេសភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីដែលប្រកួតស្របតាមនិយាមបច្ចេកទេស មិនមានការប៉ះទង្គិចច្រើនដូចការប្រកួតមុនៗឡើង។

ដូច្នេះតាមជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតពានរង្វាន់ថ្មីមួយទៀតនាពេលឆាប់ៗខាងមុខ គឺការប្រកួតដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានប្រកួតកាន់តែច្រើន និងអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក លន់ សាមឌី។ កីឡាករ ហ៊ុន ហ៊ាន ប្រធានក្រុម Rihno ដែលជាក្រុមជើងឯកបានសម្ដែងនូវក្ដីរីករាយជាខ្លាំង ដែលសហព័ន្ធបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យក្រុមទាំងអស់បានចូលរួម ហើយខ្លួនប្ដេជ្ញានឹងចូលរួមការប្រកួតក្រោយៗទៀត ដើម្បីចូលរួមលើកម្ពស់ និងការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។
លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាឆ្នាំនេះមានក្រុមធំចូលរួម ៤ក្រុម, ក្រុមយុវជន ៨ក្រុម និងក្រុមនារី ២ក្រុម។ ជាលទ្ធផលផ្នែកបុរសក្រុម Rihno ទទួលបានលេខ១, ក្រុម Sisiwat Knights ទទួលបានលេខ២ និងក្រុមក្របីព្រៃទទួលបានលេខ៣។ រីឯផ្នែកនារីក្រុម Childfund Reconnect ទទួលបានលេខ១ និងក្រុមបាត់ដំបងអេហ្វស៊ីទទួលបានចំណាត់ថ្នាក់លេខ២៕
អត្ថបទ៖ លី ឈុនឡា