ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយអាវុធ បានផ្ទុះឡើង កាលពីថ្ងៃអាទិត្យ រវាងកងកម្លាំងពាក់ព័ន្ធរបស់អាជ្ញាធរស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ នៅក្នុងភូមិ Tal Maaz ភាគខាងកើតនៃខេត្ត Aleppo របស់ប្រទេសស៊ីរី។
អង្គភាពយោធាស៊ីរី បានពួនស្ទាក់វាយប្រហារលើក្រុមយុទ្ធជន SDF ដែលប៉ុនប៉ងលបចូលទីតាំងយោធានៅក្នុងភូមិ ហើយក្រុមយុទ្ធជន SDF ផ្សេងទៀត ដែលមានមូលដ្ឋាននៅក្នុងភូមិ Um Tina និងនៅក្នុងទីក្រុង Deir Hafer បានបើកការបាញ់ប្រហារលើទីតាំងយោធាទាំងនោះ ក្នុងការកិច្ចប្រឹងប្រែងដើម្បីដណ្តើមយកត្រឡប់មកវិញនូវសមាជិករបស់ពួកគេ ដែលត្រូវបានគេពួនស្ទាក់វាយប្រហារនោះ។

SANA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដំបូងពាក់ព័ន្ធនឹងអាវុធធុនស្រាល ប៉ុន្តែនៅពេលដែលការបាញ់ផ្លោងបន្តដោយអ្នកប្រយុទ្ធ SDF កងកម្លាំងយោធាបានឆ្លើយតបដោយអាវុធធុនធ្ងន់ និងបានស្នើសុំកងកម្លាំងជំនួយបន្ថែម។
ពុំមិនទាន់ដឹងច្បាស់ថាតើការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ឬអត់នោះទេ។
ការប៉ះទង្គិចគ្នានេះ បានកើតឡើង បើទោះបីជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនាពេលថ្មីៗនេះ រវាងទីក្រុងដាម៉ាស និងអាជ្ញាធរឃើដ ក្នុងគោលបំណងបង្ហាញជំហរឯកភាពលើបញ្ហាជាតិ និងសន្តិសុខក៏ ដោយ។
កាលពីថ្ងៃទី ១០ ខែមីនា រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានឈានដល់កិច្ចព្រមព្រៀងស្តីពីការរួមបញ្ចូលស្ថាប័នស៊ីវិល និងយោធាទាំងអស់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិឃើដ នៅក្រោមស្ថាប័នរដ្ឋ។
