អង់គ្លេស៖ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនរុស្ស៊ី-អ៊ុយក្រែននៅតែតានតឹង ខណៈរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពប្រមាណ ១០ម៉ឺននាក់ចល័តចូលកាន់តែជិតព្រំដែន ស្របពេលយោធារបស់អ៊ុយក្រែនត្រៀមការពារខ្លួន ប្រឆាំងនឹងការឈ្លានពានណាមួយដែលអាចកើតឡើង។ ជាការបន្ថែមភាពចលាចលកាន់តែខ្លាំង រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញភាពលម្អិតរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ជាអ្វីមួយដែលខ្លួនបានចោទប្រកាន់ថា រុស្ស៊ីមានផែនការលើកបន្តុបមេដឹកនាំដែលគាំទ្រទីក្រុងមូស្គូនៅក្នុងទីក្រុងគៀវរបស់អ៊ុយក្រែន។

ការិយាល័យក្រសួងការបរទេសចក្រភពអង់គ្លេសបាននិយាយថា ខ្លួនក៏មានព័ត៌មានផងដែរដែលថា ទីភ្នាក់ងារចារកម្មរបស់រុស្ស៊ីនៅតែមានទំនាក់ទំនងជាមួយអតីតអ្នកនយោបាយអ៊ុយក្រែនមួយចំនួន រួមទាំងអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Yevheniy Murayev ផងដែរ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ព័ត៌មានដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះបានបំភ្លឺអំពីវិសាលភាពនៃសកម្មភាពរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងដើម្បីបង្ក្រាបប្រទេសអ៊ុយក្រែន និងជាការយល់ឃើញអំពីការគិតរបស់វិមានក្រឹមឡាំង។ ចំណែកប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បាននិយាយកាលពីចុងសប្ដាហ៍មុនថា ប្រទេសបេឡារុស្ស និងរុស្ស៊ីអាចវាយប្រហារតបតវិញដោយទ្រង់ទ្រាយធំ ប្រសិនបើលោកខាងលិច និងអ៊ុយក្រែននៅតែបន្តយាយីសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធទាំង២ នេះ។ រុស្ស៊ីបានបញ្ជូនកងទ័ពជាច្រើនដោយពុំមានចំនួនជាក់លាក់ទៅកាន់ប្រទេសបេឡារុស្ស សម្រាប់ហ្គេមសង្គ្រាមដ៏ធំកាលពីដើមសប្ដាហ៍មុន ជាការដាក់ពង្រាយដែលនឹងបង្កើនសមត្ថភាពយោធាបន្ថែមទៀត របស់រុស្ស៊ីនៅជិតអ៊ុយក្រែន ស្របពេលលោកខាងលិចបារម្ភពីផែនការឈ្លានពានណាមួយលើអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន