តំណាងរដ្ឋាភិបាលអាល្លឺម៉ង់ទទួលបន្ទុកសិទ្ធិមនុស្ស និងជំនួយមនុស្សធម៌ នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលត្រូវតែធ្វើឲ្យប្រសើរឡើងជាបន្ទាន់នូវស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។
រហូតមកដល់ពេលថ្មីៗនេះ អ៊ីស្រាអែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ នៅទូទាំងមជ្ឈដ្ឋាននយោបាយ ក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែសំឡេងរបស់អធិការបតី លោក Friedrich Merz ឆ្ពោះទៅអ៊ីស្រាអែល បានកាន់តែមានភាពមុតស្រួចឡើងៗ នៅពេលដែលស្ថានភាពមនុស្សធម៌ដ៏អាក្រក់ នៅតំបន់ហ្កាហ្សា កាន់តែអាក្រក់ទៅៗ។
កាលពីខែសីហា អង្គការសហប្រជាជាតិ (UN) បានប្រកាសពីទុរ្ភិក្សជាផ្លូវការ នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីរបាយការណ៍គាំទ្រដោយ UN បានព្រមានថា មនុស្ស ៥០០.០០០នាក់ កំពុងប្រឈមនឹងស្ថានភាព «មហន្តរាយ» នៅក្នុងដែនដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។

បេសកជន លោក Lars Castellucci សមាជិកសភានៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលគ្រប់គ្រងជាមួយក្រុមអភិរក្សនិយមរបស់លោក Merz បានប្រាប់ថា៖ «រដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា ពោលគឺជាបន្ទាន់ យ៉ាងទូលំទូលាយ ប្រកបដោយនិរន្តរភាព ហើយស្របតាមគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ»។
លោក Castellucci បានធ្វើការថ្កោលទោស ដែលជនស៊ីវិលជួបប្រទះនូវស្ថានភាពរងទុក្ខវេទនាមិនអាចវាស់វែងបាន ជាពិសេសកុមារ ដែលត្រូវបានជាប់នៅក្នុងជម្លោះនេះ ហើយ «មិនមានអ្នកទទួលកំហុស ឬទទួលខុសត្រូវ»។ លោកបាននិយាយថា ជំនួយមនុស្សធម៌របស់អាល្លឺម៉ង់ទៅកាន់ហ្កាហ្សា «ត្រូវបានបង្កើនជាច្រើនដង» ប៉ុន្តែ «គ្មានន័យ» អ្វីឡើយ ប្រសិនបើវាមិនទៅដល់អ្នកដែលត្រូវការ៕


