របាយការណ៍របស់រដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញថា កម្មវិធីប៉ាន់ស្មាន ឬត្រួតពិនិត្យអាយុផ្នែកលើរូបថតសែលហ្វី អាចអនុវត្តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មេងជំទង់ ប៉ុន្តែបានកត់សម្គាល់ថា ក្រុមមួយចំនួន បានជួបប្រទះនូវកម្រិត «មិនអាចទទួលយកបាន» នៃភាពមិនត្រឹមត្រូវ ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការចេញឲ្យប្រើប្រាស់នៅខែធ្នូខាងមុខ។
របាយការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល នាថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានឲ្យដឹងថា កម្មវិធីត្រួតពិនិត្យអាយុផ្អែកលើរូបថត មានភាពត្រឹមត្រូវ រហ័ស និងការគោរពឯកជនភាពយ៉ាងទូលំទូលាយ ប៉ុន្តែបានកត់សម្គាល់ពីការធ្វើបានលទ្ធផលមិនល្អខ្លាំង សម្រាប់មនុស្សដែលមានអាយុតិចជាង ១៦ឆ្នាំ។

ការរកឃើញនេះបង្ហាញឲ្យឃើញពីលទ្ធផលចម្រុះគ្នា នៅពេលដែលការហាមប្រាមនេះចូលជាធរមាន ក្នុងខែធ្នូ ដោយជនជាតិស្បែកសដែលមានអាយុលើសពីអាយុហាមឃាត់ ៣ឆ្នាំ អាចរំពឹងថា នឹងមានការរំខានតិចតួច ប៉ុន្តែអ្នកដែលមិនមែនជាជនជាតិស្បែកស និងក្មេងស្រីជំទង់ អាចប្រឈមនឹងបញ្ហា។
លទ្ធផលនេះក៏អាចមានភាពស្មុគស្មាញផងដែរ សម្រាប់វេទិកាបណ្ដាញសង្គមនានា រាប់ចាប់ពី Instagram របស់ក្រុមហ៊ុន Meta រហូតឆាណែល YouTube របស់ក្រុមហ៊ុន Alphabet ដែលតាមច្បាប់ត្រូវតែបង្ហាញថា បណ្ដាញសង្គមទាំងនោះ កំពុងចាត់វិធានការសមហេតុផល ដើម្បីទប់ស្កាត់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣២លានដុល្លារ)។
ការសាកល្បងបានរកឃើញភាពត្រឹមត្រូវខ្ពស់ សម្រាប់មនុស្សដែលមានអាយុលើសពី ១៩ឆ្នាំ ប៉ុន្តែអ្នកដែលមានអាយុលើស ឬក្រោមអាយុហាមឃាត់ ៣ឆ្នាំ គឺស្ថិតនៅក្នុង «តំបន់ពណ៌ប្រផេះដែលភាពមិនច្បាស់លាស់របស់ប្រព័ន្ធ គឺមានកម្រិតខ្ពស់»៕
