ប្រទេសន័រវែស កាលពីថ្ងៃអាទិត្យ (ទី៣១ ខែសីហា) បានប្រាប់ឲ្យដឹងថា ខ្លួនបានជ្រើសរើសចក្រភពអង់គ្លេសជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ការទិញយកនាវាចម្បាំងថ្មី នៅក្នុងការវិនិយោគយោធាដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១០ពាន់លានផោន (១៣,៥១ពាន់លានដុល្លារ) ដើម្បីលើកកម្ពស់សមត្ថភាពការពារដែនសមុទ្ររបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ។
អាល្លឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានផ្តល់ការរចនានាវាចម្បាំងផ្សេងៗគ្នា ដែលជាការប្រជែង ដើម្បីឈ្នះគម្រោងនេះ។

នាយករដ្ឋមន្ត្រី លោក Jonas Gahr Stoere បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «នាវាចម្បាំង គឺជាផ្នែកសំខាន់មួយនៃសមត្ថភាពការពារជាតិរបស់យើង ព្រោះវាជាគន្លឹះក្នុងការការពារអធិបតេយ្យភាពរបស់យើង»។
ន័រវែស គឺជាប្រទេសឃ្លាំមើលរបស់អង្គការណាតូ ចំពោះតំបន់ដ៏ធំប្រវែង ២លានគីឡូម៉ែត្រការ៉េនៃតំបន់អាត្លង់ទិកខាងជើងដែលប្រើប្រាស់ដោយនាវាមុជទឹកនុយក្លេអ៊ែររបស់កងនាវាភាគខាងជើងរុស្ស៊ី។
បេសកកម្មដ៏សំខាន់មួយ សម្រាប់នាវាចម្បាំង នឹងត្រូវតាមដាននាវាមុជទឹករុស្ស៊ី ដែលមានមូលដ្ឋាននៅឧបទ្វីបកូឡា (Kola Peninsula) ដែលជាតំបន់មួយនៅតំបន់អាក់ទិកជាប់ព្រំដែនប្រទេសន័រវែស។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដែលលោកបាននិយាយថា មានតម្លៃ ១០ពាន់លានផោន៕

