នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា ឆ្នាំ២០២៥) នេះ លោក Rueangkrai Leekitwattana (រឿងក្រៃ លីគីតវឌ្ឍនៈ) អតីតសមាជិកព្រឹទ្ធសភា បានប្រាប់ឲ្យដឹងថា លោកបានដាក់ញត្តិទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ ដោយស្នើសុំឲ្យស្ថាប័ននេះប្រើប្រាស់សាលក្រមរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ជាសេចក្ដីសម្រេចដែលបានដកសិទ្ធិលោកស្រី Paetongtarn Shinawatra ចេញពីតំណែងជានាយករដ្ឋមន្ត្រី។
សាលក្រមនេះមានចំណុចដែលអាចទាក់ទងនឹងសកម្មភាពរបស់លោកស្រី Paetongtarn ក្នុងតួនាទីជាមេដឹកនាំគណបក្ស Pheu Thai (ភឿថៃ) ដែលអាចត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់អង្គការ ស្ដីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) មាត្រាទី៩២ កថាខណ្ឌទី២។

លោក Rueangkrai អះអាងថា នេះគួរតែចាត់ទុកជាភស្តុតាងអាចជឿទុកចិត្តបាន ដែលថា គណបក្ស Pheu Thai ដឹកនាំដោយលោកស្រី Paetongtarn បានប្រព្រឹត្តអំពើដែលអាចចាត់ទុកថា ជាអរិភាព ចំពោះប្រព័ន្ធប្រជាធិបតេយ្យរបស់រដ្ឋាភិបាលដែលមានអង្គព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ពោលគឺជាការរំលោភលើច្បាប់អង្គការ ស្តីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) មាត្រាទី ៩២ កថាខណ្ឌទី២។ EC អាចលើកឡើងពីឯកសារទាំងអស់ នៅក្នុងសាលក្រមនោះ នៅតុលាការ ហើយវាមិនមានភាពចាំបាច់ឲ្យមានមន្ត្រីអត្រានុកូលដ្ឋាននៃគណបក្សនយោបាយ ដើម្បីអនុវត្តស្របតាមមាត្រាទី៩៣ ឡើយ។
លោក Rueangkrai បានបញ្ជាក់ថា៖ «នៅពេលដែលតុលាការបានអានសាលក្រមហើយ វាជាសេចក្ដីសម្រេចស្ថាពរ និងជាចំណងផ្លូវច្បាប់ សម្រាប់ EC ប៉ុន្តែតុលាការមិនអាចបង្គាប់បញ្ជាឲ្យរំលាយគណបក្សបានទេ ព្រោះញត្តិមិនមែនមកពី EC ដែលជាស្ថាប័នមានសមត្ថកិច្ចផ្លូវច្បាប់។ ក្នុងករណីនេះ ចាំបាច់ត្រូវស្នើសុំឲ្យ EC ជាអ្នកបញ្ជូនសំណុំរឿងទៅតុលាការធម្មនុញ្ញ ដើម្បីឲ្យមានការសម្រេចបន្តបន្ទាប់ទៀត ជុំវិញថា តើគណបក្ស Pheu Thai គួរត្រូវបានរំលាយ ឬយ៉ាងណា ពាក់ព័ន្ធនឹងការរំលោភលើច្បាប់អង្គការ ស្ដីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) មាត្រាទី៩២ កថាខណ្ឌទី២»។
លោក Rueangkrai បានបន្ថែមថា លោកមិនបានបង្ហាញឯកសារញត្តិនេះទៅកាន់អ្នកសារព័ត៌មានឡើយ ព្រោះសាលក្រមដើមមិនទាន់ត្រូវបានចេញសាធារណៈនៅឡើយ។ ដូច្នេះហើយ លោកបានរួមបញ្ចូលការសង្ខេបនៃការរកឃើញរបស់ប្រព័ន្ធផ្សព្វផ្សាយពីសាលក្រមនេះ រួមជាមួយនឹងច្បាប់ចម្លងនៃសាលក្រមពីសំណុំរឿងរំលាយគណបក្ស Thai Raksa Chart (ថៃរ៉ាក់សាឆាត) ហើយបញ្ជូនឯកសារទាំងនោះទៅ EC ដើម្បីឲ្យស្ថាប័ននេះអាចបញ្ជូនទៅតុលាការធម្មនុញ្ញដែលមានឯកសារពាក់ព័ន្ធរួចហើយ៕
