ដោយថ្លែងទៅកាន់កិច្ចប្រជុំកំពូល SCO នៅទីក្រុងធានជីន របស់ប្រទេសចិន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការរក្សាស្ថិរភាពនៅក្នុងរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងនៅតាមព្រំដែនរបស់ពួកគេ គឺជាអាទិភាពមួយរបស់អង្គការនេះ។

លោក ពូទីន បានកត់សម្គាល់ថា៖«ជាការពិតណាស់ ការរក្សាស្ថិរភាពនៅក្នុងរដ្ឋជាសមាជិក និងនៅតាមព្រំដែនរបស់ពួកគេ ត្រូវបានគេមើលឃើញថា ជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនរបស់អង្គការSCO។ រុស្ស៊ីគាំទ្រសេចក្តីព្រាងឯកសារ ដើម្បីប្រឆាំងនឹងភាពជ្រុលនិយម ដែលត្រូវបានរៀបចំសម្រាប់កិច្ចប្រជុំនេះ ហើយត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការអនុវត្តឯកសារនេះ» ។
លោកក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងចំនួនពីរ ដែលបានដាក់ស្នើសម្រាប់ការចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលដែលបង្កើតមជ្ឈមណ្ឌល SCO សកលនៅក្នុងរដ្ឋធានី Tashkent របស់ប្រទេសអ៊ូសបេគីស្ថាន ដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងបច្ចុប្បន្នទាំងមូល និងមជ្ឈមណ្ឌលប្រឆាំងគ្រឿងញៀន នៅរដ្ឋធានី Dushanbe របស់តាហ្ស៊ីគីស្ថាន។ លោក ពូទីន បានសង្កត់ធ្ងន់ថា៖«យើងរំពឹងថា មជ្ឈមណ្ឌលទាំងពីរ នឹងចាប់ផ្តើមប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
