សារព័ត៌មាន Hindu នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានចុះផ្សាយថា រដ្ឋមន្ត្រីប្រេងឥណ្ឌា លោក Hardeep Singh Puri បានប្រាប់ថា ប្រទេសឥណ្ឌាមិនបាននិងកំពុង «រកប្រាក់ចំណេញ» ពីការនាំចូលប្រេងពីរុស្ស៊ីនោះឡើយ ហើយការទិញរបស់ខ្លួន បានធ្វើឲ្យទីផ្សារមានស្ថិរភាព ខណៈពេលដែលរក្សាតម្លៃមិនឲ្យឡើងដល់ ២០០ដុល្លារ ក្នុងមួយបារ៉ែល។
សហរដ្ឋអាមេរិកបានកំណត់គោលដៅលើឥណ្ឌា ដោយសារការទិញប្រេងពីរុស្ស៊ី ដោយលោកប្រធានាធិបតី Donald Trump បានដំឡើងពន្ធលើការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការទិញប្រេងឆៅរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានចោទប្រកាន់ប្រទេសឥណ្ឌាថា បានរកប្រាក់ចំណេញតាមរយៈការនាំចូលប្រេងពីរុស្ស៊ី ក្នុងតម្លៃទាប ហើយបន្ទាប់មកលក់ប្រេងចម្រាញ់ ក្នុងតម្លៃខ្ពស់ជាង។ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro បាននិយាយថា ការទិញរបស់ឥណ្ឌា គឺជាការផ្តល់មូលនិធិដល់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
លោក Puri បានសរសេរនៅក្នុងបទវិចារណកថាមួយថា៖ «អ្នករិះគន់មួយចំនួនបានចោទប្រកាន់ថា ឥណ្ឌាបានក្លាយទៅជាម៉ាស៊ីនលាងសម្អាត សម្រាប់ប្រេងរុស្ស៊ី។ គ្មានអ្វីអាចលើសពីការពិតបានទេ»។ ការអត្ថាធិប្បាយរបស់លោក Puri ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រី លោក Narendra Modi កំពុងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងប្រទេសចិន នៅឯកិច្ចប្រជុំកំពូល ក្នុងតំបន់។
ឥណ្ឌាបានក្លាយជាប្រទេសទិញប្រេងសមុទ្រធំបំផុតរបស់រុស្ស៊ី។ ប្រទេសនេះបានទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃប្រេង ខណៈដែលរុស្ស៊ីស្វែងរកអ្នកទិញថ្មី បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានបដិសេធការទិញ និងដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ដោយសារការលុកលុយលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕