មន្ត្រីនគរបាលម្នាក់ បានប្រាប់ឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់រដ្ឋាភិបាលប៉ាគីស្ថាន បានធ្លាក់នៅភាគខាងជើងនៃប្រទេស នាថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ ដោយបានសម្លាប់មនុស្សទាំង ៥នាក់ ដែលជិះនៅលើនោះ។
មន្រ្តីនគរបាលជាន់ខ្ពស់ នៅតំបន់ Diamer លោក Abdul Hameed បានប្រាប់បណ្ដាញសារព័ត៌មានថា ឧទ្ធម្ភាគចក្រកំពុងអនុវត្ត «ការសាកល្បងចុះចតនៅលើឧទ្ធម្ភាគចក្កដ្ឋាន (កន្លែងឧទ្ធម្ភាគចក្រចុះចត) ដែលទើបស្នើឡើងថ្មី» ក្នុងតំបន់ទេសចរណ៍ភ្នំមួយ នៅពេលដែលវាធ្លាក់។ លោកបានបញ្ជាក់ថា៖ «ក្នុងចំណោមអ្នកស្លាប់ មានអ្នកបើកយន្តហោះ ២នាក់ និងអ្នកបច្ចេកទេស ៣នាក់»។
ឧទ្ធម្ភាគចក្រនេះដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលប្រភេទ Gilgit Baltistan បានធ្លាក់នៅតំបន់ Diamer ក្នុងតំបន់ប្រហែលម៉ោង ១០:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥:០០ ម៉ោងសកល)។
ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឧទ្ធម្ភាគចក្រ MI-17 របស់រដ្ឋាភិបាល បានធ្លាក់ក្នុងខេត្ត Khyber Pakhtunkhwa ខណៈពេលដែលកំពុងបំពេញភារកិច្ចជួយសង្គ្រោះទឹកជំនន់ ដោយបានសម្លាប់បុគ្គលិក និងអ្នកបើកយន្តហោះទាំង ៥នាក់។
គួរបញ្ជាក់ថា មានការធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់មនុស្សជាច្រើននាក់ នៅប៉ាគីស្ថាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមទាំងហេតុការណ៍ក្នុងឆ្នាំ២០២២ ផងដែរ ជាពេលដែល ៥នាក់ និងមេបញ្ជាការកងទ័ពជាន់ខ្ពស់ម្នាក់ បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ ក្នុងកំឡុងប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់ នៅក្នុងខេត្ត Balochistan ភាគនិរតី៕