អ្នកនាំពាក្យសហភាពអឺរ៉ុបនិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធ GPS របស់យន្តហោះប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ត្រូវបានរំខាន នៅតាមផ្លូវកាលពីថ្ងៃអាទិត្យ ទៅកាន់ប្រទេសប៊ុលហ្គារី ។
អ្នកនាំពាក្យរូបនោះនិយាយថា ពួកយើងពិតជាអាចបញ្ជាក់បានថា មាននូវការរំខានប្រព័ន្ធ GPS ប៉ុន្តែយន្តហោះចុះចតដោយសុវត្ថិភាពនៅប្រទេសប៊ុលហ្គារី ។ ពួកយើងទទួលបានព័ត៌មានពីអាជ្ញាធរប៊ុលហ្គារីថា ពួកគេសង្ស័យថា នេះដោយសារមានការការជ្រៀតជ្រែកយ៉ាងច្បាស់លាស់ពីរុស្ស៊ី ។
យោងតាមការអះអាងរបស់គណៈកម្មការសហភាពអឺរ៉ុប បានឲ្យដឹងថា យន្តហោះមិនអាចប្រើប្រាស់ជំនួយអាកាសចរណ៍អេឡិចត្រូនិកបាននោះទេ ដោយសារតែការជ្រៀតជ្រែក ខណៈពេលហោះហើរជិតមកដល់អាកាសយានដ្ឋានស្ថិតក្នុងទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី ។
អ្នកស្រី Arianna Podesta គឺជាអ្នកនាំពាក្យសហភាពអឺរ៉ុប និយាយថា ក្រុមអាជ្ញាធរប៊ុលហ្គារី សង្ឃ័យថា ការជ្រៀតជ្រែកយ៉ាងច្បាស់ក្រឡែត ត្រូវបានធ្វើឡើងដោយរុស្ស៊ី ហើយសហភាពអឺរ៉ុប នឹងពិនិត្យមើលបន្ថែមទៀតលើឧបទ្ទេវហេតុមួយនេះ ។
ក្រោយចុះចតដោយសុវត្ថិភាពនៅប្រទេសប៊ុលហ្គារី អ្នកស្រី von der Leyen បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ ស្ថិតនៅក្នុងទីក្រុង Sopot អមដំណើរដោយលោកនាយករដ្ឋមន្រ្តីប៊ុលហ្គារី Rossen Jeliazkov ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់បណ្តាប្រទេសនៅសហភាពអឺរ៉ុបខាងកើត ៕