រដ្ឋក្នុងគ្រោះមហន្តរាយជាតិ ត្រូវបានប្រកាសនៅទីក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង ជាទីដែលក្រុមអាជ្ញាធរនិយាយនៅថ្ងៃចន្ទនេះថា វិធានការបែងចែកទឹក អាចនឹងត្រូវការធ្វើ ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។
កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានប្រកាសគ្រោះមហន្តរាយរាំងស្ងួត ពេលដែលកម្រិតទឹកនៅអាងស្តុកទឹក Obong ដែលផ្គត់ផ្គង់ទឹកសម្រាប់ពលរដ្ឋ ១៨ម៉ឺននាក់ បានស្រកដល់កម្រិតទាបជាប់កំណត់ត្រា ។
ទីភ្នាក់ងារអគ្គិភ័យជាតិកូរ៉េខាងត្បូង និយាយថា រថយន្តសឺទែនទឹកនាយកដ្ឋានពន្លត់អគ្គិភ័យ ៧១គ្រឿង ត្រូវបានចល័តកាលពីថ្ងៃអាទិត្យ ។ រូបភាពវីដេអូឃ្លីបដែលចែករំលែកដោយទីភ្នាក់ងារ ឃើញរថយន្តសឺទែនទឹក ៥០គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីជួយផ្គត់ផ្គង់ទឹក ២.៥០០ម៉ែត្រគូប ក្នុង ១ថ្ងៃ ។
អភិបាលក្រុង Gangneung និយាយថា បើសិនជាអត្រាទឹកបម្រុងនៅអាងស្តុកទឹក Obong ធ្លាក់ចុះ ១០ភាគរយ ទីក្រុងមួយនេះ នឹងពិចារណាលើការបែងចែកទឹកតាមពេល ឬថ្ងៃកំណត់ ៕