អ្នករស់រានពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន លុនតួអង្វរសុំជំនួយបន្ទាន់នៅថ្ងៃចន្ទនេះ ពេលដែលទាហានតាលីបង់ និងអ្នកស្រុក ជួយគ្នាសែងអ្នករងរបួសចូលទៅក្នុងឧទ្ធម្ភាគចក្រ សម្រាប់ការជម្លៀសខ្លួន ។
នៅស្រុក Nurgal ស្ថិតក្នុងខេត្ត Kunar អ្នកភូមិនិយាយថា សហគមន៍ទាំងមូលត្រូវបានបំផ្លិចបំផ្លាញ ។
អ្នកភូមិម្នាក់ និយាយប្រាប់អ្នកសារព័ត៌មានថា ភូមិទាំងមូល ពុំមានសេសសល់អ្វីទៀតទេ ។ ក្មេងៗ និងមនុស្សចាស់ បានជាប់ក្រោមគំនរបាក់បែក ពួកយើងត្រូវការជំនួយបន្ទាន់ ។
ក្រុមអាជ្ញាធរបញ្ជាក់ថា មនុស្សជាង ៨០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សរាប់ពាន់នាក់បន្ថែមទៀត បានរងរបួសនៅខេត្ត Kunar, Nangarhar, Laghman និងខេត្ត Nuristan ក្រោយការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានអង្រួនតំបន់ភាគខាងកើតអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃអាទិត្យ ។
ឧទ្ធម្ភាគចក្រ បានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅខេត្ត Jalalabad និងខេត្ត Kabulជាទីដែលគ្រូពេទ្យពិបាកដោះស្រាយ ដោយសារលំហូរច្រើននៃអ្នកគ្រោះថ្នាក់ ។
អ្នកស្រុកម្នាក់និយាយថា ៩៥ភាគរយនៃភូមិរបស់ពួកយើង ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ។ គ្រប់ផ្ទះ មនុស្សយ៉ាងហោច ៥នាក់ ទៅ ១០នាក់ បានរងរបួស ។
ក្មេងៗ និងមនុស្សចាស់ ត្រូវបានគេមើលឃើញនៅក្នុងឧទ្ធម្ភាគចក្រ ទទួលបានចំណីអាហារ ខណៈមនុស្សផ្សេងទៀត នាំគ្នាអង្គុយទួញសោកនៅជិតគំនរបាក់បែកអគារផ្ទះរបស់ពួកគេ ។
អ្នករស់រានម្នាក់ទៀតនិយាយថា សាច់ញាតិរបស់ពួកយើងមួយចំនួននៅជាប់ខ្លួននៅក្រោមគំនរបាក់បែកអគារ ដោយពួកយើងសង្ឃឹមថា នឹងស្វែងរកឃើញអ្នកនៅរស់ ។
លោកបន្តថា ពួកយើងត្រូវការរថយន្តគិលានសង្រ្គោះ ពួកយើងត្រូវការគ្រូពេទ្យ ពួកយើងត្រូវការអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្រ្គោះអ្នករងរបួស និងស្វែងរកមនុស្សស្លាប់ ៕