ប្រភពមួយបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបជាមួយមេដឹកនាំអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ចំពេលមានការជំរុញជាអន្តរជាតិ ដើម្បីសម្របសម្រួលឲ្យមានការបញ្ចប់ការលុកលុយឈ្លានពានរបស់រុស្ស៊ីរយៈពេល ៣ឆ្នាំកន្លះ។
នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ ប្រភពបានបង្ហើបថា «យើងកំពុងរៀបចំផែនការកិច្ចប្រជុំបែបនេះ» រវាងលោក Zelenskyy និងមេដឹកនាំអឺរ៉ុប ដោយបានបន្ថែមថា មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump «មិនត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីនោះទេ»។
ជាមួយគ្នានេះ ប្រភពបានបញ្ជាក់ទៀតថា ប្រធានបទសំខាន់នៃកិច្ចចរចា នៅទីក្រុងប៉ារីស នឹងជាការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន និង «ការលើកកម្ពស់ការទូត ពីព្រោះរុស្ស៊ីកំពុងគេចវេសម្តងហើយម្ដងទៀត» ចេញពីកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម។
គួរបញ្ជាក់ថា បញ្ហានៃការធានាសន្តិសុខដែលគាំទ្រដោយលោកខាងលិច សម្រាប់អ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ចូលជាធរមាន បានគ្របដណ្ដប់លើផ្នែកការទូតភ្លាមៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕