នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបគ្នា នៅក្រៅជំនួបកំពូលអង្គការសហប្រតិបត្តិការក្រុងសៀងហៃ(SOC) ក្នុងទីក្រុងកំពង់ផែ Tianjin ប្រទេសចិន ។
អង្គការ SCO ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ហើយមានគេស្គាល់តិចតួចនៅក្រៅតំបន់ ត្រូវបានបង្កើតឡើងកាលពីរយៈពេលជាង ២ទសវត្សរ៍មុន ក្នុងនាមជាប្លុកសន្តិសុខក្នុងតំបន់ ។ ចិន រុស្ស៊ី និងប្រទេសចំនួន ៤ទៀតនៅអាស៊ីកណ្តាល គឺជាសមាជិកស្ថាបនិក ។ ឥណ្ឌា បានចូលរួមជាមួយប្លុកមួយនេះ កាលពីឆ្នាំ ២០១៧ ។
ទីក្រុងប៉េកាំងបានប្រើប្រាស់កិច្ចប្រជុំកំពូលមួយនេះ ជាឱកាស ដើម្បីប៉ះប៉ូវទំនាក់ទំនងជាមួយទីក្រុងញូវដែល្លី ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសចិនក្នុងរយៈពេល ៧ឆ្នាំ និងប្រធានាធិបតីចិនលោក Xi Jinping បានឯកភាពកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់ពួកគេ គឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះទេ ហើយនិងបានពិភាក្សាលើវិធីសាស្រ្តធ្វើឲ្យល្អប្រសើរឡើងវិស័យពាណិជ្ជកម្មប្រទេសទាំង ២ ៕