ជប៉ុន និងកូរ៉េខាងត្បូង បានរកឃើញរដូវក្តៅដ៏ក្តៅខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម ។
ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) រាយការណ៍ថា សីតុណ្ហភាពមធ្យមនៅជប៉ុនក្នុងរដូវក្តៅនេះ មានចំនួន ២,៣៦អង្សាសេពីលើកម្រិតមធ្យមរយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩១ រហូតដល់ឆ្នាំ ២០២០ ។
JMA និយាយថា ការធ្វើបច្ចុប្បន្នភាពកំណត់ត្រានេះ គឺជារដូវក្តៅដ៏ក្តៅខ្លាំងបំផុត ចាប់តាំងពីស្ថិតិចាប់ផ្តើមកាលពីឆ្នាំ ១៨៩៨ ។
ពួកគេបន្តថា សីតុណ្ហភាពរដូវក្តៅមធ្យម បានបំបែកកំណត់ត្រានៅតាមស្ថានីយ ១២៣កន្លែង ក្នុងចំណោមស្ថានីយឧតុនិយម ១៥៣កន្លែងនៅទូទាំងប្រទេស ក្នុងនោះស្ថានីយឧតុនិយម បានរកឃើញថ្ងៃក្តៅខ្លាំងបំផុត ។
កាលពីខែមុន ជប៉ុនបានបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតជាប់កំណត់ត្រា ២លើកក្នុងរយៈពេល ១ថ្ងៃ ពេលដែលសីតុណ្ហភាពនៅទីក្រុងភាគកណ្តាល Isesaki កើនឡើងខ្ពស់រហូតដល់ ៤១,៨អង្សាសេ ។
ដោយឡែក នៅប្រទេសកូរ៉េខាងត្បូង សីតុណ្ហភាពរដូវក្តៅមធ្យម បានបង្កើតកំណត់ត្រាថ្មី ពេលដែលសីតុណ្ហភាពកើនឡើងដល់ ២៥,៧អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុត ចាប់តាំងពីក្រុមអាជ្ញាធរប្រមូលទិន្នន័យកាលពីឆ្នាំ ១៩៧៣ ៕