ប្រមុខនគរបាលរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី១ ខែកញ្ញា) នេះ បានប្របា់ឲ្យដឹងថា លោកសង្ស័យថា មានការជាប់ពាក់ព័ន្ធពីរុស្ស៊ី ក្នុងការសម្លាប់អតីតប្រធានសភា លោក Andriy Parubiy បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានឃុំខ្លួន។
ប្រមុខនគរបាលជាតិ លោក Ivan Vyhivskyi បាននិយាយថា ខ្មាន់កាំភ្លើងបានក្លែងខ្លួនជាអ្នកនាំសំបុត្រ ហើយបានបាញ់ចំនួន ៨គ្រាប់ អំឡុងពេលបាញ់ប្រហារកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីក្រុង Lviv ភាគខាងលិច។
ដោយមិនបង្ហាញផ្ដល់ភស្តុតាងអ្វី លោក Vyhivskyi បានបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា៖ «រូបគេ (ជនល្មើស) បានចំណាយពេលយ៉ាងយូរ ដើម្បីត្រៀម ពិនិត្យមើល រៀបចំផែនការ ហើយទីបំផុតបានធ្វើអំពើឃាតកម្មនេះ។ មានការពាក់ព័ន្ធពីរុស្សី»។
លោក Vadym Onyshchenko ប្រធានប្រចាំតំបន់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក SBU របស់ប្រទេសអ៊ុយក្រែន បាននិយាយថា លទ្ធភាពកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែមិនទាន់មានភស្តុតាងដែលបង្ហាញថា មានការពាក់ព័ន្ធនៅឡើយទេ។
រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុនេះ ឬឆ្លើយតបទៅនឹងការចោទប្រកាន់ ដែលថា ខ្លួនមានជាប់ពាក់ព័ន្ធនោះឡើយ ហើយមិនមានការចង្អុលបង្ហាញអ្វីឡើយ ដែលថា ហេតុអ្វីបានជាលោក Parubiy វ័យ ៥៤ឆ្នាំរូបនេះ ត្រូវបានគេកំណត់គោលដៅនោះទេ៕