អ្នកកាន់ទុក្ខរាប់ពាន់នាក់បានចូលរួមពិធីបុណ្យសពឥស្សរជនជាន់ខ្ពស់របស់ក្រុមហ៊ួទី ១២នាក់ នៅវិហារអ៊ិស្លាមដ៏ធំបំផុតក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (១ កញ្ញា) ដែលក្នុងចំណោមអ្នកស្លាប់នោះក៏រួមទាំងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់ក្រុមសកម្មប្រយុទ្ធនេះ ដែលត្រូវបានកំណត់គោលដៅដោយអ៊ីស្រាអែល។

ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ គឺជាការសម្លាប់មន្ត្រីជាន់ខ្ពស់ហ៊ួទីច្រើននាក់ជាលើកដំបូងហើយ ដោយនៅពេលនោះ មីស៊ីលបានវាយប្រហារលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាទស្សនាសុន្ទរកថាទូរទស្សន៍របស់មេដឹកនាំកំពូលហ៊ួទី លោក Abdul Malik al-Houthi ហើយធ្វើឱ្យសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់ក្រុមនេះបានស្លាប់។
ហ្វូងអ្នកកាន់ទុក្ខទាំងនោះបានស្រែកពាក្យស្លោករបស់ក្រុមហ៊ួទីថា «ការស្លាប់កើតមានដល់អ៊ីស្រាអែល បណ្តាសារលើជនជាតិជ្វីហ្វ ជ័យជម្នះចំពោះសាសនាអ៊ិស្លាម» ខណៈលោក Mohammed Miftah ដែលបច្ចុប្បន្នជាប្រមុខរដ្ឋាភិបាលជាក់ស្ដែងរបស់ក្រុមដែលអ៊ីរ៉ង់គាំទ្រនេះ បានប្តេជ្ញាសងសឹកតបតវិញយ៉ាងខ្លាំងក្លាបំផុត ក៏ដូចជាការបង្ក្រាបសន្តិសុខផ្ទៃក្នុងប្រឆាំងនឹងក្រុមចារកម្មផងដែរ។
អ៊ីស្រាអែល ដែលប្ដេជ្ញាតាមប្រមាញ់មេក្រុមហ៊ួទីទាំងអស់ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា ការវាយប្រហារតាមអាកាសរបស់ខ្លួន បានកំណត់គោលដៅលើប្រធានបុគ្គលិក រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់ក្រុមហ៊ួទី។ មេដឹកនាំកំពូលរបស់ក្រុមហ៊ួទី គឺលោក Abdul Malik al-Houthi ដែលនៅតែរួចជីវិតមកដល់បច្ចុប្បន្ន បានក្លាយជាសម្ព័ន្ធមិត្តអារ៉ាប់ដ៏លេចធ្លោបំផុតមួយរបស់អ៊ីរ៉ង់ និងជាបន្លាដ៏យូរអង្វែងក្នុងកែវភ្នែកអ៊ីស្រាអែល ដែលខ្លួនប្ដេជ្ញាតាមកំណត់គោលដៅឱ្យបាន៕

