ប្រទេសវៀតណាម បានប្រារព្ធខួបលើកទី៨០ នៃការប្រកាសឯករាជ្យរបស់ខ្លួនពីរបបគ្រប់គ្រងអាណានិគម នៅក្នុងថ្ងៃអង្គារ ទី២ ខែកញ្ញា នេះ ជាមួយនឹងក្បួនដង្ហែយោធាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ការប្រគល់អំណោយជាសាច់ប្រាក់ដែលមិនធ្លាប់មានពីមុនមក និងការដោះលែងអ្នកទោសជិត ១៤.០០០នាក់។

ហ្វូងមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដែលភាគច្រើនពាក់អាវពណ៌ក្រហម និងកាន់ទង់ជាតិវៀតណាម នៅក្នុងការបង្ហាញពីភាពជាតិនិយមនៅក្នុងប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ។
ក្បួនដង្ហែនេះបានបើកបង្ហាញយុទ្ធោបករណ៍យោធាទំនើបបំផុតរបស់វៀតណាម រួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាច្រើនប្រភេទ។ ទាហានវៀតណាមរាប់ពាន់នាក់ និងបុគ្គលិក យោធាមកពីចិន រុស្ស៊ី និងប្រទេសផ្សេងទៀតក៏បានចូលរួមក្នុងពិធីនេះផងដែរ។ ថ្នាក់ដឹកនាំជាតិ និងឥស្សរជនបរទេសជាច្រើនរូប បានចូលរួមទស្សនាក្បួនដង្ហែរយោធានៅទីលានចតុរង្គ Ba Dinh ជាទីដែលនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ មេដឹកនាំបដិវត្តន៍ហូជីមិញ បានប្រកាសឯករាជ្យជាប្រវត្តិសាស្ត្រ។
ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានថ្លែងសុន្ទរកថាបើកក្បួនដង្ហែរថា "វៀតណាមមិនងាករេក្នុងការប្តេជ្ញាចិត្តការពារឯករាជ្យ សេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃជាតិមាតុភូមិរបស់ខ្លួនឡើយ លើគ្រប់ជ្រុងទាំងអស់នៃដែនដីដ៏ពិសិដ្ឋរបស់ប្រទេស"៕


