ហ្វូងបាតុកររាប់ម៉ឺននាក់ បានដើរដង្ហែរក្បួនតវ៉ាដោយស្ងៀមស្ងាត់ក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែរប៊ី កាលពីថ្ងៃចន្ទ (១ កញ្ញា) ដើម្បីរំលឹកដល់ការស្លាប់របស់មនុស្ស ១៦នាក់ ក្នុងគ្រោះថ្នាក់បាក់ដំបូលស្ថានីយ៍រថភ្លើងកាលពីឆ្នាំមុន ដោយទាមទារឱ្យមានការបោះឆ្នោតមុនអាណត្តិ ដែលពួកគេសង្ឃឹមថានឹងទម្លាក់លោកប្រធានាធិបតី Aleksandar Vucic និងគណបក្ស SNS របស់លោក។

ក្រុមអ្នកតវ៉ា ដែលត្រូវកោះហៅដោយសិស្សវិទ្យាល័យ បានទៅប្រមូលផ្តុំគ្នានៅម៉ោងក្នុងស្រុក ៧យប់ថ្ងៃចន្ទ នៅមុខស្ថានីយ៍រថភ្លើងដ៏ចំណាស់មួយក្នុងទីក្រុងប៊ែលក្រាដ។ សិស្សវិទ្យាល័យ ១៦នាក់ ដើរលើទីលានចតុរង្គ Savski Trg កាន់ផ្កាកុលាបពណ៌សម្នាក់មួយទង ជាកិច្ចរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ។

ការតវ៉ាបែបនេះត្រូវធ្វើឡើងក្នុងក្រុងមួយចំនួនទៀតរួមមាន Novi Sad, Kragujevac និង Aleksinac ទូទាំងប្រទេស។ បាតុករនិយាយថា "អំពើពុករលួយជាឫសគល់នៃបញ្ហាទាំងអស់ក្នុងសង្គមស៊ែរប៊ី ហើយការបោះឆ្នោតអាចជាដំណោះស្រាយតែមួយគត់សម្រាប់ស្ថានភាពនេះ"។
ស៊ែរប៊ី បានមើលឃើញការតវ៉ាទូទាំងប្រទេសជាច្រើនខែមកហើយ ដែលបង្កឡើងដោយការស្លាប់មនុស្ស ១៦នាក់ កាលពីខែវិច្ឆិកាឆ្នាំមុននោះ ហើយធ្វើឱ្យលោក Vucic និងបក្ស SNS របស់លោករង្គោះរង្គើ។ ក្រុមអ្នកតវ៉ាស្តីបន្ទោសអំពើពុករលួយថាជាមូលហេតុនៃគ្រោះថ្នាក់នៅស្ថានីយ៍រថភ្លើង Novi Sad ហើយទាមទារឱ្យបោះឆ្នោតមុនកំណត់ ក្នុងក្ដីសង្ឃឹមថានឹងអាចនាំយកការកែប្រែសម្រាប់ប្រទេស៕

