រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prevot បានប្រកាសនៅព្រឹកព្រលឹមថ្ងៃអង្គារ (២ កញ្ញា) ថា បែលហ្ស៊ិក នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នាចុងខែកញ្ញានេះ ខណៈចេញការព្រមានចាត់វិធានការទណ្ឌកម្មលើអ៊ីស្រាអែល។

លោក Prevot ដែលក៏កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ "ប៉ាឡេស្ទីននឹងត្រូវទទួលស្គាល់ដោយបែលហ្ស៊ិក នៅសម័យប្រជុំអង្គការសហប្រជាជាតិ! ហើយការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងនឹងត្រូវធ្វើឡើងប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល"។ លោក Prevot បន្ថែមថា សេចក្តីប្រកាសនេះកើតឡើង "ដោយមើលឃើញសោកនាដកម្មមនុស្សធម៌នៅដែនដីប៉ាឡេស្ទីន ជាពិសេសតំបន់ហ្កាហ្សា"។
ជំហាននេះបានបន្ថែមសម្ពាធអន្តរជាតិកាន់តែធ្ងន់លើអ៊ីស្រាអែល បន្ទាប់ពីសកម្មភាពស្រដៀងគ្នាដោយអូស្ត្រាលី អង់គ្លេស កាណាដា និងបារាំង។ អ៊ីស្រាអែល បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវកាបែបនេះ។
កាលពីចុងខែកក្កដា បារាំងប្រកាសថា ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីននៅមហាសន្និបាត UNG A ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ ក្រោយមកទៀត ប្រទេសមួយចំនួនក៏ប្រកាសថានឹងធ្វើដូចគ្នានេះ។ គិតត្រឹមខែមេសាឆ្នាំ២០២៥នេះ ប្រទេស១៤៧ ដែលតំណាងឱ្យ ៧៥% នៃសមាជិកអង្គការសហប្រជាជាតិ បានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនរួចមកហើយ៕

