ក្រុមអ្នកជំនាញអំពើប្រល័យពូជសាសន៍នាំមុខគេរបស់ពិភពលោក ចេញសេចក្ដីប្រកាសផ្លូវការរបស់ខ្លួន ដោយចោទអ៊ីស្រាអែល ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ប៉ុន្តែក្រោយមកកាលពីថ្ងៃចន្ទ (១ កញ្ញា) អ៊ីស្រាអែលបានរិះគន់តបវិញយ៉ាងខឹងសម្បារ ដោយបដិសេធការចោទប្រកាន់នេះថាជា «ភាពអាម៉ាស់ចំពោះវិជ្ជាជីវៈផ្លូវច្បាប់» និងផ្អែកលើព័ត៌មានមិនពិតផ្សព្វផ្សាយដោយក្រុមហាម៉ាស។

ការរិះគន់នេះជាការឆ្លើយតបនឹងសេចក្ដីសម្រេចមួយ អនុម័តក្នុងសប្តាហ៍នេះដោយសមាគមអន្តរជាតិនៃអ្នកជំនាញអំពើប្រល័យពូជសាសន៍ (IAGS) ដែលនិយាយថា ការប្រព្រឹត្តរបស់អ៊ីស្រាអែលក្នុងសង្រ្គាមតំបន់ហ្កាហ្សា រយៈពេល ២២ខែកន្លងមកនេះ បានបំពេញនិយមន័យផ្លូវច្បាប់នៃអំពើប្រល័យពូជសាសន៍ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៤៨។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើបណ្ដាញសង្គម X ក្រសួងការបរទេសអ៊ីស្រាអែល និយាយថា សេចក្ដីសម្រេចអនុម័តដោយ IAGS នោះ "ផ្អែកលើយុទ្ធនាការកុហកបោកប្រាស់របស់ហាម៉ាស" ហើយចោទស្ថាប័នសិក្សាលំដាប់ពិភពលោកនេះវិញថា ខកខានមិនបានផ្ទៀងផ្ទាត់ការពិតជាមូលដ្ឋាន។
គួររម្លឹកថា ពួកហាម៉ាសបានបើកការវាយប្រហារនៅខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលសម្លាប់មនុស្សប្រមាណ ១.២០០នាក់ និងមនុស្សប្រហែល ២៥០នាក់ត្រូវចាប់ធ្វើជាចំណាប់ថ្នូរ ហើយយុទ្ធនាការសឹងសឹករបស់អ៊ីស្រាអែល មើលឃើញប្រជាជនប៉ាឡេស្ទីនជាង ៦៣.០០០នាក់ ត្រូវសម្លាប់។ អ្នកស្រុកហ្កាហ្សាស្ទើរតែទាំងអស់ ត្រូវភៀសខ្លួនយ៉ាងហោចណាស់ម្តង ខណៈអគារភាគច្រើនត្រូវខូចខាត ឬបំផ្លាញ ហើយស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិប្រកាសថា តំបន់ហ៊ុមព័ទ្ធនេះស្ថិតក្នុងគ្រោះទុរ្ភិក្ស ជាអ្វីដែលអ៊ីស្រាអែល ក៏បានបដិសេធផងដែរ៕

