ភ្នំពេញ៖ ថ្នាក់រៀននៅតាមសាលាមួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារពាក់ ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ខណៈសាលាបឋមសិក្សាព្រះនរោត្តម ដែលមានសិស្សវិជ្ជមានប្រភេទអូមីក្រុង មានការធូរស្រាល ហើយគ្រោងនឹងបើកឲ្យសិស្សចូលរៀនឡើងវិញ នៅចុងសប្ដាហ៍នេះ ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់BTV នៅ ព្រឹកថ្ងៃទី២៤ ខែមករានេះថា គិតត្រឹមសប្ដាហ៍មុន នៅបឋមសិស្សព្រះនរោត្តម មានសិស្សឆ្លងកូវីដ-១៩ ចំនួន៧នាក់ ក្នុងនោះប្រភេទអូមីក្រុង ចំនួន៥នាក់ ហើយរហូតមកដល់ពេលនេះ ស្ថានភាពបានធូរស្រាល អស់ហើយ ។
លោក បានបន្តថា សម្រាប់សាលាបឋមសិក្សាព្រះនរោត្តម បន្ទាប់ពីរកឃើញសិស្សវិជ្ជមាន ប្រភេទ អូមីក្រុង ត្រូវបានបិទបណ្ដោះអាសន្នទាំងស្រុង តែគ្រោងនឹងបើកដំណើរការនៅចុងសប្ដាហ៍នេះវិញ ក្រោយពីមានការធូរស្រាលឡើងវិញ ហើយនៅសាលាផ្សេងទៀត ពាក់ព័ន្ធនឹងកូវីដ-១៩ដែរនោះ គឺបិទតែថ្នាក់រៀន ប៉ុណ្ណោះ ។
គិតត្រឹមថ្ងៃទី២៣ ខែមករានេះកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ អូមីក្រុង ឆ្លងនៅក្នុង សហគមន៍ជិត ២០០ករណីហើយ ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារប្រភេទបំប្លែងថ្មីនេះទេ៕
អត្ថបទ៖ បាន សុខរិទ្ធ




