ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា ថា ទីភ្នាក់ងារមានផែនការកាត់បន្ថយថវិការបស់ខ្លួនជិតមួយភាគប្រាំនៅឆ្នាំក្រោយ ដោយសារតែការរឹតត្បិតផ្នែកហិរញ្ញវត្ថុ ខណៈជម្លោះរួមទាំងសង្រ្គាមនៅប្រទេសស៊ូដង់ បានកត់ត្រាចំនួនប្រជាជនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

យោងតាមឯកសារចេញផ្សាយតាមបណ្តាញអ៊ិនធឺណិតបានឱ្យដឹងថា ថវិកាដែលត្រូវបានព្យាករនៅឆ្នាំ២០២៦ របស់អង្គការ UNHCR ថានឹងធ្លាក់ចុះមកនៅត្រឹម៨,៥ពាន់លានដុល្លារពី១០,២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ ទីភ្នាក់ងារនេះ ក៏មានគម្រោងបិទការិយាល័យនៅអាហ្វ្រិកខាងត្បូងរបស់ខ្លួន និងកាត់បន្ថយការងារជិត៤.០០០កន្លែង។

អ្នកនាំពាក្យរបស់អង្គការ UNHCR បាននិយាយថា ថវិកាដែលត្រូវបានកាត់បន្ថយ នៅតែជា «គោលបំណង» ចាប់តាំងពីទីភ្នាក់ងារត្រូវបានផ្តល់មូលនិធិត្រឹមតែពាក់កណ្តាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកនាំពាក្យបាននិយាយបន្ថែមថា ការកាត់មូលនិធិរបស់ម្ចាស់ជំនួយកំពុងបង្កើតហានិភ័យកាន់តែខ្លាំងសម្រាប់ជនភៀសខ្លួន ដោយព្រមានថា «ជនងាយរងគ្រោះនឹងស្លាប់» ដោយគ្មានជំនួយគ្រប់គ្រាន់។
ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ រំពឹងថាចំនួនជនភៀសខ្លួនដោយបង្ខំនិងអ្នកគ្មានរដ្ឋនៅទូទាំងពិភពលោកនឹងកើនឡើងដល់១៣៦លាននាក់នៅឆ្នាំ២០២៦ កើនឡើងពី១២៩,៩លាននាក់ក្នុងឆ្នាំ ២០២៤។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថាតួលេខ១៣៦លាននាក់គឺជាការប៉ាន់ប្រមាណតាមផែនការសម្រាប់កិច្ចប្រជុំម្ចាស់ជំនួយនៅទីក្រុងហ្សឺណែវនៅខែក្រោយ ពុំមែនជាការព្យាករណ៍នោះទេ។