ការងារបានថយចុះនៅរោងចក្រដំឡើងនានាដូចជារោងចក្រមួយកន្លែងនៅទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក។ បុគ្គលិកគិតថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គួតែត្រូវបានដាក់កំហុស ដោយបាននិយាយថា «ដោយសារតែការដំឡើងពន្ធដែលលោកប្រធានាធិបតីអាមេរិកកំពុងដាក់នោះ ធ្វើឲ្យក្រុមហ៊ុននានារងផលប៉ះពាល់។ ឧទាហរណ៍ ដូចនៅទីនេះក្នុងរោងជាងដែលពួកយើងធ្លាប់មានគ្នាច្រើនជាង៣០នាក់ ប៉ុន្តែពេលនេះមានមនុស្សត្រឹមតែ៦នាក់ប៉ុណ្ណោះព្រោះការងារបានថយចុះ»។

សង្គ្រាមពាណិជ្ជកម្មពិភពលោករបស់លោក Trump បានបន្ថែមភាពលំបាកដល់ផ្នែកឧស្សាហកម្ម ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមទាំងការកើនឡើងប្រាក់ឈ្នួល និងការព្រួយបារម្ភរបស់វិនិយោគិនលើកំណែទម្រង់ដោយគណបក្ស Morena ឆ្វេងនិយមកំពុងកាន់អំណាចរបស់ប្រទេសម៉ិកស៊ិក។ រោងចក្របានផ្តល់ការងារប្រហែល៦០ភាគរយ នៅទីក្រុង Ciudad Juarez ។

ប៉ុន្តែនៅចន្លោះខែមិថុនា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ទីក្រុង Juarez បានបាត់បង់ការងារនៅរោងចក្រជាង៦៤.០០០កន្លែង រួមទាំងជិត១៤.០០០កន្លែងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមវិទ្យាស្ថានជាតិស្ថិតិ និងភូមិសាស្ត្ររបស់ប្រទេសម៉ិកស៊ិក។
នៅក្នុងខែសីហា អ្នកតំណាងក្រុមហ៊ុន Design Group Americas ដែលបានដាក់ពាក្យស្នើសុំការការពារក្ស័យធនកាលពីខែមុន បានបិទរោងចក្រនៅទីក្រុង Ciudad Juarez ដោយបន្សល់ទុកឱ្យបុគ្គលិកប្រហែល៣០០នាក់គ្មានការងារធ្វើ។