ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរនឹងច្រកអានសេះ ប្រមាណជាង៥០ភាគរយបានវិលត្រឡប់មកលំនៅឋាន ប្រកបរបឡើងវិញ បន្ទាប់ពីជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាពក្នុងអំឡុងពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ កាលពីពេលកន្លងមកទៅ។
គិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានវិលត្រឡប់ចូលមកនៅលំនៅឋាន ដូចប្រក្រតីឡើងវិញ បន្ទាប់ពីតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ ក្រោយភាគីកម្ពុជា ថៃ បានបន្តអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
បើតាមការអោយដឹងពី ប្រជាពលរដ្ឋដែលសុទ្ធតែធ្លាប់បានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ បានអោយដឹងថា ពួកគាត់សម្រេចចិត្តត្រឡប់មករស់នៅក្នុងទីប្រជុំស្រុកជាំក្សាន្តវិញនៅពេលនេះ ព្រោះតែសភាពការណ៍តាមព្រំដែន មានភាពប្រសើរជាងមុន។ ម្យ៉ាងវិញទៀត ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ទំនាក់ទំនងការទូត ដើម្បីដោះស្រាយជម្លោះជាមួយភាគីថៃ ដោយឈរលើស្មារតីអត់ធ្មត់ខ្ពស់ នាំឱ្យប្រជាពលរដ្ឋនៅព្រំដែន មានទំនុកចិត្ត ហ៊ានត្រឡប់មករស់នៅលំនៅឋានរៀងខ្លួនវិញ។ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន ក៏បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព បញ្ជៀសការបរិភោគទឹកភ្លៀង ឬ ងូតទឹកភ្លៀង ត្រូវជូនដំណឹងមកអាជ្ញាធរ ក្នុងករណីរកឃើញមានគ្រាប់ យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដែលជាសំណល់ពីការទម្លាក់គ្រាប់ពីភាគីថៃកាលពីពេលកន្លងទៅ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារស្ទើតែ១០០ភាគរយបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព ព្រោះតែភូមិសាស្ត្រនេះ ស្ថិតនៅចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីច្រកអានសេះ និង ប្រមាណ៣០គីឡូម៉ែត្រពីតំបន់មុំបី។ ក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រំដែន ខេត្តព្រះវិហារ លំនៅឋាន ដីស្រែ ចំការ សាលារៀន មន្ទីពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការខូចខាតដោយសារតែការទម្លាក់គ្រាប់ និងការបាញ់ផ្លោងពីភាគីថៃ។ ប្រជាពលរដ្ឋសង្ឃឹមថា ភាគីថៃនឹងបន្តអនុវត្តបទឈប់បាញ់ដោយម៉ឺងម៉ាត់ ស្មោះត្រង់ដើម្បីបញ្ឈប់ការផ្ទុះអាវុធកើតឡើងជាថ្មីទៀត៕ អត្ថបទ៖សូដាវណ្ណ










