សហរដ្ឋអាមេរិក៖ យោងតាមមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងវីរុស COVID-19 ដែលបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិកមាន ៧១.៩២៥,៩៣១លាននាក់ និងមានចំនួនអ្នកស្លាប់ ៨៨៩,១៩៧នាក់។

សហរដ្ឋអាមេរិកបានបន្តនាំមុខគេលើពិភពលោក ទាំងករណីឆ្លងដែលត្រូវបានបញ្ជាក់អំពីវីរុស COVID-19 និងអ្នកស្លាប់ដែលពាក់ព័ន្ធទៅនឹងវីរុស។ សហរដ្ឋអាមេរិកបានឃើញការកើនឡើងនៃវីរុស COVID-19 ថ្មីចាប់តាំងពីពាក់កណ្ដាលខែធ្នូដោយសារវីរុសបម្លែងខ្លួនថ្មី Omicron ដែលឆ្លងខ្ពស់។ យោងតាមការរាយការណ៍របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក (ABC) បានឲ្យដឹងថា ចំនួនករណីដែលបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងនាពេលថ្មីៗនេះ។ កាលពីខែមុន ប្រទេសនេះបានកត់ត្រាករណីដែលបានបញ្ជាក់ថ្មីប្រមាណ ១៨.២លានករណី។ វាមានរយៈពេលត្រឹមតែ ១២ថ្ងៃសម្រាប់សហរដ្ឋអាមេរិកដែលបានបន្ថែមករណីឆ្លងវីរុស COVID-19 ថ្មីជាង ១០លានករណីចាប់ពីថ្ងៃទី៩ ខែមករាដល់ថ្ងៃទី២១ ខែមករា ហើយការកើនឡើងចំនួន ១០លានករណីចុងក្រោយនៃករណីថ្មីនេះ បើគិតពីរយៈពេលជិតមួយខែមានចំនួនសរុបរហូត ៥០លានករណីត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី១៣ ខែធ្នូមក។
ថ្មីៗនេះ ខណៈការរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបម្លែងខ្លួនថ្មី Omicron ចំនួននៃករណីថ្មីដែលត្រូវបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ថ្មីម្តងហើយម្តងទៀត។ សមាគមមន្ទីរពេទ្យរដ្ឋវ៉ាស៊ីនតោនបានចេញការអំពាវនាវបន្ទាន់ ដល់សាធារណជនឲ្យចាត់វិធានការចាក់វ៉ាក់សាំង និងពាក់ម៉ាស់ ដើម្បីជួយសម្រាលសម្ពាធលើប្រព័ន្ធសុខាភិបាលដែលហួសបន្ទុករបស់រដ្ឋ ដោយសារកើនឡើងជំងឺរាតត្បាតខ្លាំង៕
អត្ថបទ៖ ប៊ុនថន