សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សមាជិកសភារបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស នៅក្នុងសប្ដាហ៍នេះ អាចជាថ្ងៃទី៤ ឬទី៥ ខែកញ្ញា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីសប្តាហ៍មុន ដែលបានដកលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ។

ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយថា អគ្គលេខាធិការសភាមានភារកិច្ចសម្របសម្រួលការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីពីគណបក្សនយោបាយ។ លោកសង្កត់ធ្ងន់ថា សមាជិកសភាត្រូវតែទទួលបានការជូនដំណឹងយ៉ាងហោចណាស់មួយថ្ងៃជាមុន មុនពេលការបោះឆ្នោតអាចប្រព្រឹត្តិទៅបាន ដែលធ្វើឱ្យថ្ងៃទី៤ និងទី៥ ខែកញ្ញា ជាកាលបរិច្ឆេទដែលទំនងជាអាចទៅរួចបំផុត។

គណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំ និងជាបក្សបង្រ្គប់សំឡេងដ៏សំខាន់ ត្រូវបានរំពឹងថានឹងសម្រេចតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃអង្គារ (២ កញ្ញា) នេះ។ សភាថៃ ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតដែលអាចធ្វើទៅបាន នៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែកញ្ញា ប៉ុន្តែនៅមិនទាន់មានគណបក្សណាមួយដាក់សំណើជាផ្លូវការនៅឡើយទេ។
លោក Wan Noor បាននិយាយថា លោកសង្ឃឹមថាមេដឹកនាំថ្មីនឹងត្រូវជ្រើសរើសក្នុងពេលឆាប់ៗ ដើម្បីបញ្ចៀសអស្ថិរភាពនយោបាយ និងភាពចលាចលដោយសារភាពទំនេរនៃអំណាចយូរខ្លាំងពេក៕