កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងសែន ដឹកនាំដោយលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន ប្រជុំរៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុង លើកឡើងថា បញ្ហាដែលត្រូវរៀបចំពោះមុខសំខាន់ រួមមាន ការរៀបចំកែលម្អសួនដំរីជាន់ខ្លា សួនវិមានឯករាជ្យ សួនអាចារ្យលាក់ សួនលោកតាក្រហមក និងសួនច្បារកណ្តាលទ្រូងផ្លូវ ចាប់ពីគល់ស្ពានត្បូងចាមរហូតដល់រង្វង់មូលលោកតាក្រហមក។
ការរៀបចំសោភណ្ឌភាពដើមឈើតាមបណ្តោយដងផ្លូវ ដែលដើមឈើខ្លះត្រូវកាត់តុបតែងមែក ព្រមទាំងរៀបចំតាំងភ្លើងលម្អ ដើម្បីបង្កើនសោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរាត្រី។ សំអាតអនាម័យបរិស្ថាននៅតាមបណ្តោយដងផ្លូវ ក្នុងទីរួមខេត្ត និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ការលក់ដូររបស់អាជីករ នៅក្នុងផ្សារនិងបណ្តាដងផ្លូវសំខាន់ៗ។
ទន្ទឹមនោះត្រូវចុះណែនាំម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ខ្លឹមកំសាន្ត ឲ្យបង្កើនសុវត្ថិភាពអនាម័យ ទាំងម្ហូបអាហារ និងវិធានការសុខាភិបាលផងដែរ។
លោកបន្តថា កម្មវិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ គឺនឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរណ៍ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ។
ជាមួយគ្នានេះផងដែរ កម្មវិធីបុណ្យទន្លេ សម្រាប់ខេត្តកំពង់ធំ ក៏នឹងរៀបចំទីតាំងពិព័រណ៍សមិទ្ធផលសម្រាប់ក្រុងស្រុកទាំង៩ ដែលជាសមិទ្ធផលសក្កានុពលរបស់ខ្លួនផងដែរ៕





