តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារ (២ កញ្ញា) នេះ ខណៈក្តីបារម្ភអំពីការរំខានបណ្ដាញផ្គត់ផ្គង់ បានកើនឡើង ស្របពេលជម្លោះដែលកាន់តែតានតឹងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រេងឆៅ Brent បានបន្ថែម ៣៧សេន ឬ ០,៥៤% ក្នុងតម្លៃរបស់ខ្លួនដល់តួលេខ ៦៨,៥២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៦:១៧នាទីព្រឹកថ្ងៃអង្គារ ខណៈប្រេងឆៅ WTI របស់អាមេរិក ឈរនៅតម្លៃ ៦៥,០៣ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១,០១ដុល្លារ ឬ ១,៥៨%។

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ បានបិទកន្លែងផលិតប្រេង ដែលគ្របដណ្ដប់យ៉ាងហោចណាស់ ១៧% នៃសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ី ឬស្មើនឹង ១,១លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ។ លើសពីនេះ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា អ៊ុយក្រែនមានផែនការវាយប្រហារថ្មីចូលជ្រៅក្នុងរុស្ស៊ី ដោយបង្កើនប្រតិបត្តិការយោធាជាច្រើនសប្តាហ៍លើទ្រព្យសម្បត្តិថាមពលរុស្ស៊ី។
លោក Daniel Hynes អ្នកយុទ្ធសាស្រ្តពាណិជ្ជកម្មជាន់ខ្ពស់នៅធនាគារ ANZ បាននិយាយក្នុងកំណត់ត្រាមួយនាថ្ងៃអង្គារនេះថា «ហានិភ័យដែលកំពុងបន្តចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នៅតែមានកម្រិតខ្ពស់ខ្លាំង។ អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីបន្ថែមទៀតកាលពីចុងសប្តាហ៍ ខណៈខ្លួនក៏បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបែបនេះ» ដែលគូសបញ្ជាក់ពីហានិភ័យលើបណ្ដាញផ្គត់ផ្គង់យ៉ាងទូលំទូលាយ៕