ក្រសួងការពារជាតិហ្វាំងឡង់ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទីបញ្ជាការសម្ព័ន្ធយោធាណាតូសម្រាប់បញ្ជានិងគ្រប់គ្រងកម្លាំងជើងគោក (MCLCC) សម្រាប់អឺរ៉ុបខាងជើង ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Mikkeli បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការហើយ។
យោងតាមរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen ទីបញ្ជាការ MCLCC នឹងចាប់ផ្តើមដំណើរការភ្លាមៗ ខណៈពេលដែលការអភិវឌ្ឍន៍របស់ខ្លួន នឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ លោកបានបន្ថែមថា ការធ្វើសមយុទ្ធនានា នៅពេលខាងមុខ នឹងសាកល្បង និងវាយតម្លៃសមត្ថភាពរបស់ទីបញ្ជាការនេះ ដើម្បីអនុវត្តការងារដែលបានចាត់តាំងទាំងអស់ ក្រោមសេណារីយោសុវត្ថិភាពផ្សេងៗ។

ទីបញ្ជាការថ្មីនេះ មានទីតាំងស្ថិតនៅតិចជាង ២០០ គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។
នៅខែកញ្ញា ឆ្នាំ ២០២៤ មានសេចក្តីរាយការណ៍ថា ក្នុងអំឡុងពេលសន្តិភាព ទីបញ្ជាការសម្ព័ន្ធយោធាណាតូសម្រាប់បញ្ជានិងគ្រប់គ្រងកម្លាំងជើងគោក (MCLCC) នឹងទទួលខុសត្រូវលើការរៀបចំផែនការ និងធ្វើសកម្មភាពហ្វឹកហ្វឺន នៅក្នុងតំបន់នេះ។ ទីបញ្ជាការនេះ នឹងប្រតិបត្តិការគ្រប់ម៉ោង ហើយរាយការណ៍ដោយផ្ទាល់ ទៅកាន់ទីបញ្ជាការកងកម្លាំងចម្រុះរបស់អង្គការណាតូ Norfolk ដែលមានទីតាំង នៅឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក៕
