ចក្រភពអង់គ្លេសបានប្រកាសពីការផ្ដល់មូលនិធិសង្គ្រោះបន្ទាន់ សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសាររញ្ជួយដីនាពេលថ្មីៗនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ខ្លួននឹងធានាឲ្យបានថា ជំនួយនេះមិនទៅដល់រដ្ឋបាលតាលីបង់បច្ចុប្បន្នរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ ដោយបញ្ជូនវាតាមរយៈដៃគូរបស់ខ្លួន។
គួរបញ្ជាក់ថា អង្គការសង្គមអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន ជាក្រុមមនុស្សធម៌ដែលធ្វើការនៅក្នុងតំបន់ បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ១.១២៤នាក់ហើយ។ ហើយក្រុមនេះបានបន្ថែមថា មនុស្ស ៣.២៥១នាក់យ៉ាងតិច បានរងរបួស ខណៈដែលផ្ទះជាង ៨.០០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងគ្រោះមហន្តរាយនេះ។

ការឆ្លើយតបរបស់ប្រទេស ចំពោះវិបត្តិនេះ ត្រូវបានជួបនឹងឧបសគ្គដោយសារការថយចុះនូវការផ្ដល់មូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន ដែលនាំមុខដោយការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ជំនួយចំនួន ១លានផោន (១,៣៥លានដុល្លារ) របស់ចក្រភពអង់គ្លេស នឹងត្រូវបែងចែកផ្ដល់ឲ្យមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) និងកាកបាទក្រហមអន្តរជាតិ (IFRC) ដើម្បីផ្តល់ការថែទាំសុខភាព និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់សំខាន់ៗដល់អាហ្វហ្គានីស្ថាន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ចក្រភពអង់គ្លេសនៅតែប្តេជ្ញាចិត្ត ចំពោះប្រជាជនអាហ្វហ្គានីស្ថាន ហើយការផ្តល់មូលនិធិសង្គ្រោះបន្ទាន់នេះ នឹងជួយដៃគូរបស់យើង ក្នុងការផ្តល់នូវការថែទាំសុខភាពសំខាន់ៗ និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងគ្រោះខ្លាំងបំផុត»៕


