ខណៈឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅតំបន់ហ្កាហ្សា លោក Ibrahim al-Khalili អ្នកសារព័ត៌មាន Al Jazeera បានទៅជួបសិស្សសាលាមួយចំនួនដែលអាចចូលរៀនបាន ក្នុងពេលមានការបំផ្លិចបំផ្លាញនិងការជម្លៀសខ្លួនទ្រង់ទ្រាយធំបណ្តាលមកពីសង្រ្គាមរបស់អ៊ីស្រាអែល។
លោកបានជួប Lama Deeb អាយុ១០ឆ្នាំដែលកំពុងតម្រង់ជួរដើម្បីចូលថ្នាក់រៀននៅទីក្រុងហ្កាហ្សាជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ ក្មេងស្រី Lama Deeb បាននិយាយថា «ម្តាយរបស់ខ្ញុំបានចុះឈ្មោះចូលរៀននៅក្នុងជំរំ វាជាឱកាសល្អសម្រាប់ពួកយើងដើម្បីទទួលបានការអប់រំ ព្រោះសាលារៀន និងលំនៅឋានស្ទើរតែទាំងអស់ត្រូវបានបំផ្លាញដោយអ៊ីស្រាអែល»។

នាយកសាលា លោក Wafa Shubeir បាននិយាយថា មុនពេលសង្រ្គាមរបស់អ៊ីស្រាអែល សិស្សធ្លាប់បានចាប់ផ្តើមឆ្នាំសិក្សាដោយមានឯកសណ្ឋានថ្មី កាបូបសាលារៀន និងសៀវភៅ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេគ្មានអ្វីដូចនោះទៀតទេ ព្រោះប្រជាជនគ្មានលុយទិញវា ហើយក៏គ្មានហាងលក់សម្ភារៈប្រើប្រាស់ដែរ។
លោក Jawad Khaleel នាយកផ្នែកអប់រំនៅតំបន់ហ្កាហ្សាភាគខាងលិចបាននិយាយថា «សិស្សជាច្រើនមិនអាចទៅសាលារៀនបានទេព្រោះពួកគេបានរស់នៅកន្លែងឆ្ងាយ ហើយគ្មានមធ្យោបាយធ្វើដំណើរដើម្បីនាំពួកគេមក ហើយដោយសារតែការជម្លៀសខ្លួនជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ ស្ថានភាពមានការពិបាក និងតឹងតែងខ្លាំង។
