អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺ (CDC) របស់សហរដ្ឋអាមេរិកចំនួន៩រូប បានរួមគ្នារិះគន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រជាសេវា(HHS) របស់សហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. សម្រាប់ «ការបង្កគ្រោះថ្នាក់» ដល់សុខភាពប្រជាជនអាមេរិក។
នៅក្នុងអត្ថបទអត្ថាធិប្បាយមួយដែលចុះផ្សាយកាលពីថ្ងៃច័ន្ទក្នុងកាសែត The New York Times មន្ត្រីទាំង៩រូប រួមមានទាំងអតីតនាយកចំនួន៧រូប និងអតីតនាយកស្តីទីពីររូប បានបង្ហាញការព្រួយបារម្ភអំពី «ផលប៉ះពាល់យ៉ាងទូលំទូលាយ» នៃការសម្រេចចិត្តកាលពីពេលថ្មីៗនេះរបស់ លោក Kennedy លើសន្តិសុខសុខភាពរបស់សហរដ្ឋអាមេរិក។

អ្វីដែលរដ្ឋមន្ត្រីសុខាភិបាលនិងប្រជាសេវា លោក Robert F. Kennedy Jr. បានធ្វើចំពោះមជ្ឈមណ្ឌល CDC និងប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសយើងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដែលឈានដល់ការសម្រេចបណ្តេញលោកស្រីវេជ្ជបណ្ឌិត Susan Monarez ចេញពីតំណែងជានាយកមជ្ឈមណ្ឌល CDC កាលពីប៉ុន្មានថ្ងៃមុន គឺមិនដូចអ្វីដែលយើងធ្លាប់បានឃើញនៅក្នុងទីភ្នាក់ងារនេះទេ ហើយមិនដូចអ្វីដែលប្រទេសរបស់យើងធ្លាប់បានជួបប្រទះនោះដែរ។
អតីតនាយកមជ្ឈមណ្ឌល CDC បានរិះគន់ លោក Kennedy ចំពោះការបណ្តេញចេញបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ និងរុះរើកម្មវិធីទប់ស្កាត់ជំងឺសំខាន់ៗ ដោយព្រមានថាចំណាត់ការបែបនេះ ធ្វើឱ្យចុះខ្សោយការទប់ស្កាត់ប្រឆាំងជំងឺមហារីក ជំងឺបេះដូង និងជំងឺឆ្លងផ្សេងៗ។
