សេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មាន បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនហើយ ជាទីដែលលោកនឹងចូលរួមការប្រារព្ធពិធីព្យុហយាត្រាយោធា។
ព្យុហយាត្រា «ទិវាជ័យជម្នះ» នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នឹងឃើញលោក Kim ឈរយ៉ាងកៀកជាមួយប្រធានាធិបតីចិន លោក Xi Jinping លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងបណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត ដែលធ្វើឲ្យវាក្លាយជាកិច្ចប្រជុំអន្តរជាតិពហុភាគីលើកដំបូងរបស់លោក។

លោក Kim បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន នៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ តាមរថភ្លើងពាសដែករបស់លោក ដែលត្រូវបានគេនិយាយថា រួមមានទាំងភោជនីយដ្ឋានដែលបម្រើដោយស្រាបារាំងប្រភេទល្អៗ និងមុខម្ហូបពិសេស ដូចជាបង្កងស្រស់ជាដើម។ លោក Kim បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ប៉ុន្តែរថភ្លើងបំពាក់ទៅដោយប្រព័ន្ធការពារយ៉ាងរឹងមាំ ទើបនាំឲ្យការធ្វើដំណើរយឺត។
វត្តមានរបស់លោក Kim គឺជាលើកទី១ ហើយដែលមេដឹកនាំនៃប្រទេសកូរ៉េខាងជើង បានចូលរួមព្រឹត្តិការណ៍ព្យុហយាត្រាយោធារបស់ចិន គិតចាប់តាំងពីឆ្នាំ១៩៥៩ មក។ រូបលោកនឹងស្ថិតក្នុងចំណោមប្រមុខរដ្ឋចំនួន ២៦ ផ្សេងទៀត ក្នុងនោះរួមមានទាំងមេដឹកនាំទៅពីមីយ៉ាន់ម៉ា អ៊ីរ៉ង់ និងគុយបា ដែលនឹងបង្ហាញខ្លួននៅទីនោះ។
ការចូលរួមរបស់លោក Kim គឺជាការបង្ហាញឲ្យឃើញពីការផ្ដល់នូវសារៈសំខាន់កាន់តែខ្លាំងជាងព្យុហយាត្រាទិវាជ័យជម្នះចុងក្រោយរបស់ប្រទេសចិន ក្នុងឆ្នាំ២០១៥ ដែលនៅពេលនោះទីក្រុងព្យុងយ៉ាងបានបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ គឺលោក Choe Ryong-hae ទៅចូលរួម។
គួរបញ្ជាក់ថា បុគ្គលិកយោធារាប់ម៉ឺននាក់ នឹងដើរព្យុហយាត្រា នៅទីលានធានអានមេនជាប្រវត្តិសាស្ត្ររបស់ទីក្រុងប៉េកាំង ជាថ្ងៃនៃការដង្ហែក្បួនដែលនឹងប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់ជាផ្លូវការរបស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ និងការបញ្ចប់ជម្លោះ៕


