រដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានអះអាងឡើងវិញអំពីឯកភាពរបស់ពួកគេក្នុងសម័យប្រជុំលើកទី១៦៥របស់ក្រុមប្រឹក្សានេះ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋ GCC នៅប្រទេសគុយវ៉ែត កាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងសន្តិសុខ នៅក្នុងតំបន់ហ្កាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសគុយវ៉ែតលោក Abdullah Al-Yahya ដែលជាប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ថា GCC បន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការការពារស្ថិរភាពក្នុងតំបន់ និងបង្កើតអនាគតរុងរឿងសម្រាប់ប្រជាជនឈូងសមុទ្រ។

លោកបានលើកឡើងជាថ្មីនូវការអំពាវនាវរបស់ក្រុមប្រឹក្សានេះឲ្យបញ្ឈប់ជាបន្ទាន់ចំពោះ «ការបំពានរបស់អ៊ីស្រាអែល» នៅក្នុងតំបន់ហ្កាហ្សា ដោយជំរុញឲ្យមានការទទួលខុសត្រូវពីអន្តរជាតិកាន់តែខ្លាំងឡើង ការការពារជនស៊ីវិល និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊ុរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
រដ្ឋមន្ត្រី GCC ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះស្ថិរភាព និងវិបុលភាពរបស់ប្រទេស អ៊ីរ៉ាក់៕
