គណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាចរបស់ប្រទេសថៃ នៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ បានឆ្ពោះទៅរកដំណើរការរំលាយរដ្ឋសភា ជាការសម្រេចដែលអាចឈានទៅរកការបោះឆ្នោតសកល ខណៈដែលគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ បាននិយាយថា ខ្លួនមិនទាន់សម្រេចចិត្តថា តើត្រូវគាំទ្រក្រុមចម្រុះណាមួយដែលប៉ុនប៉ងបង្កើតរដ្ឋាភិបាលបន្ទាប់នោះឡើយ។
សារព័ត៌មានក្នុងស្រុក Matichon ដែលដកស្រង់សម្តីអគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong បានឲ្យដឹងថា ដំណើរការរំលាយសភាកំពុងដំណើរការ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការបានបណ្ដេញលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រី ដោយសារបំពានក្រមសីលធម៌ ដែលធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលទៅក្នុងភាពចលាចល។
ប្រភពពីគណបក្សភឿថៃបានប្រាប់សារព័ត៌មានរ៉យទ័រថា គណបក្សបានសម្រេចចិត្តរំលាយសភា ប៉ុន្តែមិនទាន់ដឹងថា តើឯកសារចាំបាច់ត្រូវបានដាក់ជូនអាជ្ញាធរពាក់ព័ន្ធហើយ ឬនៅនោះទេ។ ប្រភពសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែមានភាពរសើបនៃបញ្ហានេះ។

លោក Sorawong អ្នកនាំពាក្យរដ្ឋាភិបាល និងជាជំនួយការជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីស្តីទី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើដាច់ដោយឡែក ដើម្បីសុំការបញ្ជាក់ពីសារព័ត៌មានរ៉យទ័រ។
ចំណាត់ការនេះបានកើតឡើងនៅពេលដែលគណបក្សប្រជាជន ជាក្រុមប្រឆាំងដ៏សំខាន់ដែលគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ (Bhumjaithai) កំពុងប្រឹងប្រែងបញ្ចុះបញ្ចូល ជាការប៉ុនប៉ងបង្កើតរដ្ឋបាលបន្ទាប់ បានប្រាប់ថា ខ្លួនមិនទាន់បានសម្រេចថា តើត្រូវគាំទ្រភាគីមួយណានោះទេ៕

