ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះថា ទីក្រុងមូស្គូមិនដែលប្រឆាំងនឹងលទ្ធភាពនៃការចូលរួមរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប (EU) នោះឡើយ ហើយបញ្ជាក់ថា លោកគិតថា វាអាចទៅរួចក្នុងការស្វែងរកការឯកភាពគ្នាលើការធានាសន្តិសុខ សម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន។
ដោយថ្លែងនៅឯប្រទេសចិន អំឡុងទស្សនកិច្ចរបស់លោក លោក Putin បានលើកឡើងថា ការអះអាងរបស់មេដឹកនាំអឺរ៉ុប ដែលថា រុស្ស៊ីនឹងវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទ្វីបអឺរ៉ុបនៅថ្ងៃណាមួយនោះ គឺជា «ការភ័យខ្លាចហួសហេតុ» និង «ការនិយាយបំភិតបំភ័យ តែមិនមែនជាការពិត»។
លោក Putin បានលើកឡើងទៀតថា សម្រាប់ករណីអ៊ុយក្រែន នៅឆ្នាំ២០២២ រុស្ស៊ីត្រូវបានបង្ខំឲ្យមានប្រតិកម្មតបទៅនឹងអ្វីដែលលោកហៅថា ជាការប៉ុនប៉ងរបស់ប្រទេសលោកខាងលិច ដោយមានជំនួយពីសម្ព័ន្ធមិត្តយោធាណាតូ (NATO) ដើម្បីព្យាយាមមានឥទ្ធិពលលើដែនដីក្រោយសម័យសហភាពសូវៀតទាំងអស់ ដែលជាការផ្តល់ផលប៉ះពាល់ដល់ផ្នែកសន្តិសុខរបស់ទីក្រុងម៉ូស្គូ។
ជាមួយគ្នានេះ នៅឯកិច្ចពិភាក្សាក្នុងប្រទេសចិន លោក Putin បានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ថា៖ «ចំពោះសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប យើងមិនដែលជំទាស់នឹងរឿងនេះទេ។ តែចំពោះការចូលរួមជាមួយអង្គការណាតូ នេះជាបញ្ហាមួយផ្សេងទៀត»។
មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា លោកបានពិភាក្សាអំពីសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងជំនួបកំពូលរបស់លោក កាលថ្ងៃទី១៥ ខែសីហា នៅរដ្ឋ Alaska ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump៕