ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា លោកបានពិភាក្សាអំពីវិធី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin ក្នុងអំឡុងពេលមានការជជែកគ្នា នៅប្រទេសចិន និងជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy តាមទូរសព្ទ ប៉ុន្តែបានបញ្ជាក់ថា ភាគីទាំង២ «មិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ» សម្រាប់ជំនួបរបស់មេដឹកនាំទាំង២។
លោក Erdogan បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះរបស់លោកដែលត្រលប់ពីប្រទេសចិន ជាកន្លែងដែលលោកបានជួបជាមួយលោក Putin ហើយបន្ទាប់មក បានប្រាប់ថា លោកបានទូរសព្ទទៅជជែកជាមួយលោក Zelenskiy។ លោកបានបន្តថា ការចរចា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល បានបង្ហាញថា ផ្លូវឆ្ពោះទៅកាន់សន្តិភាព នៅតែបើកចំហជានិច្ច។
លោក Erdogan បានបន្ថែមថា ប្រទេសទួរគីគាំទ្រដល់ «ការបង្កើនកម្រិតនៃការចរចារជាលំដាប់» ដើម្បីប្រែក្លាយក្តីសង្ឃឹមនៃការមានសន្តិភាពឲ្យទៅជាលទ្ធផលជាក់ស្តែង ហើយលោកបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមណាមួយ នឹងត្រូវដោះស្រាយនៅកម្រិតមេដឹកនាំនៅទីបំផុត បើទោះបីជាលក្ខខណ្ឌមិនទាន់មានក៏ដោយ។
ទួរគីដែលជាប្រទេសសមាជិកអង្គការណាតូ (NATO) បានបន្តមានទំនាក់ទំនងយ៉ាងបើកចំហ ទាំងជាមួយទីក្រុងមូស្គូ និងទីក្រុងគីវ គិតចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ហើយបានស្វែងរកការសម្របសម្រួល រវាងភាគីជម្លោះ៕