ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នៅថ្ងៃអង្គារ (ទី២ ខែកញ្ញា) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ថា ទីក្រុងប៉េកាំង បានគាំទ្រសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ចំពោះការផលិតថាមពលនុយក្លេអ៊ែរស៊ីវិល ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។
បើយោងតាមព័តមានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា ក្នុងអំឡុងពេលមានកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង លោក Xi បានប្រាប់លោក Pezeshkian ថា៖ «ការប្រើប្រាស់កម្លាំងមិនមែនជាវិធី ដោះស្រាយការខ្វែងគំនិតដ៏ត្រឹមត្រូវឡើយនោះឡើយ។ ការប្រាស្រ័យទាក់ទង និងការសន្ទនា គឺជាផ្លូវដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង»។
លោកបានបន្ថែមថា ប្រទេសចិន «គោរពសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី» និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ «ដែលគិតគូរពីកង្វល់ស្របច្បាប់របស់ភាគីទាំងអស់»។
ជាមួយគ្នានេះ ចិនដែលជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ បានបញ្ជាក់ថា ខ្លួនប្រឆាំងនឹងវិធានការរបស់បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលអាចដាក់ទណ្ឌកម្មឡើងវិញលើសាធារណរដ្ឋឥស្លាមមួយនេះ។
កាលពីថ្ងៃចន្ទ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាក្រុមនៃមេដឹកនាំអឺរ៉ុប-អាស៊ី ដែលរួមមានទាំងប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ីដែរនោះ បានព្រមានប្រឆាំងនឹងកិច្ចប្រឹងប្រែង ដើម្បី «បកស្រាយឡើងវិញ» នូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥៕