នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៥ប្រទេសបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ អំពីស្ថានភាពតាមព្រំដែនខេត្តពោធិ៍សាត់ក្រោយបទឈប់បាញ់ រវាងកម្ពុជា និងថៃ។
តាមឆាណែលតេក្រាម និងហ្វេសបុកក្រសួងការពារជាតិ បានបញ្ជាក់ថា ប្រទេសចំនួន៥ ដែលបន្ត ចុះសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនខេត្តពោធិ៍សាត់នេះ រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ហើយដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ឆ្ពោះទៅ ខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។
តាមក្រសួងការពារជាតិបានគួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ខាងលើនេះគឺ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕



