ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្តាប់ហេតុផលរបស់វិមានក្រឹមឡាំង ចំពោះការលុកលុយរបស់ខ្លួនលើប្រទេសជិតខាងអ៊ុយក្រែន ហើយបានអះអាងថាទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់ "ការយោគយល់គ្នា" អំពីជម្លោះនេះ។

លោក Putin បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា រដ្ឋបាលរបស់លោក Trump កំពុងស្តាប់រុស្ស៊ី ខណៈរូបលោកបានត្អូញត្អែរថា អតីតប្រធានាធិបតី Joe Biden មិនយកចិត្តទុកដាក់ចំពោះក្ដីបារម្ភរបស់ទីក្រុងមូស្គូទាល់តែសោះ។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីស្លូវ៉ាគីលោក Robert Fico បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិនលោក Xi Jinping នៅទីក្រុងប៉េកាំងថា ឥឡូវនេះយើងមើលឃើញការយោគយល់គ្នាទៅវិញទៅមក នេះជារឿងគួរឱ្យកត់សម្គាល់ ។យើងសប្បាយចិត្តខ្លាំងណាស់ចំពោះបញ្ហានេះ ហើយសង្ឃឹមថាកិច្ចសន្ទនាប្រកបដោយការស្ថាបនានេះនឹងបន្ត។
ប៉ុន្តែរុស្ស៊ីប្រឈមនឹងវិធានការដាក់ទណ្ឌកម្មដែលអាចកើតមានដោយលោក Trump ដែលបានសម្តែងការខកចិត្តចំពោះកង្វះការចូលរួមរបស់លោក Putin ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានគំរាមពី "ផលវិបាកធ្ងន់ធ្ងរ" ដែលពុំបានបញ្ជាក់។ ប្រធានាធិបតីអាមេរិកបានព្យាយាមបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំក្នុងចំណោមអាទិភាពខាងការទូតរបស់លោក ហើយធ្វើជាម្ចាស់ផ្ទះទទួលលោក Putin ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កាកាលពីខែមុន៕

