វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានកក់កៅអីនៅវគ្គ ៨នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍ Grand Slam, Australian Open បន្ទាប់ពីយកឈ្នះកីឡាករបារាំង Adrian Mannarino។ កីឡាករវ័យ ៣៥ឆ្នាំ Rafael Nadal បានយកឈ្នះសិតដំបូងតានតឹងបំផុត ៧-៦(១៦-១៤) ពោលគឺរយៈពេលនៃ Tirebreak ប្រើពេលដល់ទៅ ២៨នាទី។

យ៉ាងណាក្តី Nadal បានយកឈ្នះពីរសិតបន្ទាប់មិនតានតឹងឡើយលទ្ធផល ៦-២ និង ៦-២។ Adrian Mannarino ក៏មានបញ្ហារបួសដែរក្នុងការប្រកួតនេះ។ ជុំបន្ត Rafael Nadal ដែលជាបេក្ខភាពធ្លាប់ឈ្នះជើងឯក Australian Open ផ្នែកបុរសតែម្នាក់គត់ក្នុងឆ្នាំនេះនឹងត្រូវជួបជាមួយកីឡាករកាណាដា Denis Shapovalov។ កីឡាករកាណាដាលំដាប់លេខ ១៤ រូបនេះឡើងជុំបន្តក្រោយយកឈ្នះម្ចាស់មេដាយមាសអូឡាំពិកអាល្លឺម៉ង់ Alexander Zverev ៦-៣, ៧-៦(៧-៥) និង ៦-៣។
ជ័យជំនះនេះធ្វើឱ្យ Denis Shapovalov បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ Australian Open ជាលើកដំបូងក្នុងអាជីព។ សំរាប់បរាជ័យរបស់ Alexander Zverev ក៏មានន័យថាមានតែ Rafael Nadal ម្នាក់ប៉ុណ្ណោះជាកីឡាករដែលមានលំដាប់ថ្នាក់ខ្ពស់នៅសល់ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ ចំណែក Alexander Zverev ដែលជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ និងជើងឯក ATP Finals នោះត្រូវរង់ចាំបន្តទៀតដើម្បីឈ្នះជើងឯក Grand Slam លើកដំបូងក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ