មេដឹកនាំគណបក្សភូមិចៃថៃ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយអះអាងនៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះថា រូបលោកមានការគាំទ្រពីសមាជិកសភាចំនួន ១៤៦រូប មកពីក្រុម និងគណបក្សចំនួន៧ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

លោក Anutin វ័យ ៥៨ឆ្នាំ ដែលជាអតីតឧបនាយករដ្ឋមន្រ្តីថៃ បានប្រាប់អ្នកសារព័ត៌មានថា លោកបានប្តេជ្ញាចិត្តចំពោះលក្ខខណ្ឌដែលដាក់ចេញដោយគណបក្សប្រជាជនថៃ ដែលជាបក្សដ៏ធំបំផុតនៅក្នុងសភា រួមទាំងការរំលាយសភាផងដែរ។

នៅមុននោះ បក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃមួយនេះ បានផ្តល់ការគាំទ្រដ៏សំខាន់របស់ខ្លួនឱ្យលោក Anutin ដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ បន្ទាប់ពីអ្នកកាន់អំណាចពីមុន ត្រូវបានបណ្តេញចេញដោយសាលក្រមរបស់តុលាការ។
លោក Natthaphong Ruengpanyawut ប្រធានបក្សប្រជាជនថៃ បានប្រាប់អ្នកយកព័ត៌មានថា បក្សលោក «យល់ព្រមគាំទ្រ» បេក្ខជនអភិរក្សនិយមគឺលោក Anutin ប៉ុន្តែក៏បាននិយាយថា ការគាំទ្រនេះមានភ្ជាប់លក្ខខណ្ឌដែលថាសភាត្រូវតែរំលាយ ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតថ្មីក្នុងពេល ៤ខែ «បែបនេះទើបអំណាចអាចប្រគល់ទៅឱ្យបក្សប្រជាជនថៃវិញ បានឆាប់បំផុតតាមដែលអាចទៅរួច»។
គួរឱ្យដឹងថា បេក្ខជនម្នាក់ត្រូវការការយល់ព្រមគាំទ្រពីសមាជិកសភា ៥០រូប មុនពេលសភាថៃ អាចបោះឆ្នោតបាន ហើយសំឡេងឆ្នោតគាំទ្រលើសពាក់កណ្តាលនៃសមាជិកសភាជាន់ទាបបច្ចុប្បន្នចំនួន ៤៩២រូប ឬស្មើនឹង ២៤៧សំឡេង គឺជាចំណុចតម្រូវដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ៕