ប្រធានបេសកកម្មប៉ាឡេស្ទីន នៅចក្រភពអង់គ្លេស លោក Husam Zomlot បាននិយាយកាលពីថ្ងៃអង្គារ (២ កញ្ញា) ថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបណ្ដាប្រទេសលោកខាងលិចធំៗ នឹងជំរុញឱ្យមានការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ បានកាន់តែលឿន។

អង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងបែលហ្ស៊ិក សុទ្ធតែនិយាយថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែនេះ ប៉ុន្តែអង់គ្លេសដាក់លក្ខខណ្ឌថាខ្លួនអាចបញ្ឈប់ដំណើរការនេះ ប្រសិនបើអ៊ីស្រាអែល បន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម និងប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពយូរអង្វែង។

មន្រ្តីប៉ាឡេស្ទីនរូបនោះបាននិយាយថា៖ ការទទួលស្គាល់នឹងក្លាយជាចំណុចចាប់ផ្តើមទៅមុខឱ្យកាន់តែលឿន ក្នុងការអនុវត្តដំណោះស្រាយរដ្ឋពីរ ហើយប៉ាឡេស្ទីនកំពុងសង្ឃឹមថាមានតួនាទីដ៏សកម្ម ប្រសិទ្ធភាព និងប្រកបដោយអត្ថន័យពីចក្រភពអង់គ្លេស។
ចំណាត់ការបែបនេះត្រូវបានរៀបចំឡើងដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា និងកាត់បន្ថយការកសាងតំបន់តាំងទីលំនៅថ្មីរបស់ជនជាតិជ្វីហ្វ នៅតំបន់កាន់កាប់ West Bank ប៉ុន្តែសំណួរខ្លះនៅតែមានទៅលើថា តើការទទួលស្គាល់នេះគ្រាន់តែជានិមិត្តរូប ឬក៏បែបណាទៅវិញ៕