អាជ្ញាធរប្រទេសប៉េរូបានសន្យាកាលពីថ្ងៃអង្គារ ទី២ ខែកញ្ញាថា ការសម្លាប់អ្នកការទូតឥណ្ឌូណេស៊ីនៅទីក្រុងលីម៉ានឹងត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយសន្យាថានឹងផ្តល់ចម្លើយចំពោះអ្វីដែលហៅថាជា « ឃាតកម្ម»។

នគរបាលបានរាយការណ៍ថា លោក Zetro Leonardo Purba ជាអ្នកបម្រើការនៅស្ថានទូតឥណ្ឌូនេស៊ីក្នុងរដ្ឋធានីប្រទេសប៉េរូ បានស្លាប់កាលពីយប់ថ្ងៃច័ន្ទ ទី១ ខែកញ្ញា បន្ទាប់ពីត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៣គ្រាប់ ខណៈកំពុងធ្វើដំណើរទៅកាន់លំនៅឋានរបស់លោក។

ក្រសួងការបរទេសរបស់ប្រទេសប៉េរូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ក្រសួងមានការសោកស្តាយយ៉ាងខ្លាំងចំពោះករណីឃាតកម្មលើលោក Purba ហើយនឹងមានចំណាត់ការ «ដើម្បីបញ្ជាក់ច្បាស់អំពីអ្វីដែលបានកើតឡើង»។ សេចក្តីរាយការណ៍បាននិយាយបន្ថែមថា ការការពារដោយនគរបាលនឹងត្រូវបានបង្កើនសម្រាប់បុគ្គលិកនិងអគាររបស់ស្ថានទូតឥណ្ឌូនេស៊ីនៅក្នុងទីក្រុងលីម៉ា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Sugiono បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា លោកបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសប៉េរូ និងបានស្នើសុំ «ការស៊ើបអង្កេតឱ្យបានហ្មត់ចត់» លើការស្លាប់របស់លោក Purba ដែលមានតួនាទីផ្នែករដ្ឋបាលនៅស្ថានទូតក្នុងទីក្រុង Lima ។