កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ជាមួយប្លុកទីផ្សាររួមអាមេរិកឡាទីន (Mercosur) របស់អាមេរិកខាងត្បូង ដែលជួបការតវ៉ាដ៏ចម្រូងចម្រាសពីក្រុមកសិករនាពេលកន្លងទៅ នឹងត្រូវគណៈកម្មការអឺរ៉ុប ដាក់ស្នើឡើងនាថ្ងៃពុធ (៣ កញ្ញា) នេះ ដែលអាចមើលឃើញអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត — ដែលចង់បានទីផ្សារថ្មីដើម្បីប៉ះប៉ូវពន្ធអាមេរិក — ជួបការប្រឆាំងយ៉ាងខ្លាំងក្លាពីបារាំង និងសម្ព័ន្ធមិត្ត។
សហភាពអឺរ៉ុប និងប្លុក Mercosur នៃអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកាលពីខែធ្នូឆ្នាំមុន ពោលគឺប្រហែល ២៥ឆ្នាំ បន្ទាប់ពីការចរចាបានចាប់ផ្តើម។ ឥឡូវ កិច្ចព្រមព្រៀងនោះនឹងត្រូវដាក់ឱ្យអនុម័ត ដោយតម្រូវឱ្យមានការបោះឆ្នោតក្នុងសភាអឺរ៉ុប និងសំឡេងគាំទ្រភាគច្រើនគ្រប់គ្រាន់ក្នុងចំណោមរដ្ឋាភិបាលប្លុកអឺរ៉ុប មានន័យថា ត្រូវទទួលបានការគាំទ្រពី ១៥ប្រទេស ក្នុងចំណោមសមាជិកប្លុកអឺរ៉ុបទាំង២៧ តំណាងឱ្យអត្រា ៦៥% នៃចំនួនប្រជាជនសហភាពអឺរ៉ុបទាំងមូល។
គណៈកម្មាការ និងអ្នកគាំទ្រដូចជាអាល្លឺម៉ង់ និងអេស្ប៉ាញជាដើម និយាយថា កិច្ចព្រមព្រៀងនេះផ្តល់នូវវិធីមួយដើម្បីប៉ះប៉ូវការខូចខាតពាណិជ្ជកម្មដោយសារពន្ធអាមេរិក និងបន្ថយការពឹងផ្អែកលើចិន ប៉ុន្តែបារាំង ដែលជាប្រទេសផលិតសាច់គោដ៏ធំបំផុតរបស់សហភាពអឺរ៉ុប និងជាអ្នករិះគន់ដ៏ខ្លាំងក្លាចំពោះរឿងនេះ បានចាត់ទុកកិច្ចព្រមព្រៀងថា "មិនអាចទទួលយកបានឡើយ"។
ចំណែកកសិករអឺរ៉ុបវិញក៏ចេញតវ៉ាយ៉ាងតានតឹង ម្តងហើយម្តងទៀត ប្រឆាំងនឹងរឿងនេះ ដោយនិយាយថា កិច្ចព្រមព្រៀងទីផ្សាររួមនឹងនាំឱ្យមានការនាំចូលទំនិញតម្លៃថោកពីអាមេរិកខាងត្បូង ដែលជាការប្រកួតប្រជែងដ៏ធំ ជាពិសេសសាច់គោដែលមិនបំពេញតាមស្តង់ដារគិតគូរពីបរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប ប៉ុន្តែគណៈកម្មការអឺរ៉ុប បានបដិសេធចំពោះការអះអាងបែបនេះ៕