លីបង់៖ ក្រុមអ្នកតវ៉ាដែលខឹងសម្បាទៅនឹងវិបត្តិសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យ បានប្រមូលផ្ដុំគ្នានៅខាងក្រៅធនាគារកណ្ដាលក្នុងទីក្រុងបេរូត (Beirut) ប្រទេសលីបង់ ដែលជាការប្រមូលផ្ដុំគ្នាប្រឆាំងទៅនឹងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងធ្លាក់ដុនដាប។ ក្រុមបាតុករបានលើកបដា និងស្រែកពាក្យស្លោកប្រឆាំងនឹងប្រធានធនាគារកណ្ដាល និងគោលនយោបាយសារពើពន្ធរបស់លោក។

ក្រុមអ្នកតវ៉ាមួយចំនួនបានព្យាយាមបុកទម្លាយទ្វារខាងក្រៅធនាគារកណ្ដាល ប៉ុន្តែត្រូវបរាជ័យដោយសារមានការទប់ស្កាត់ពីទាហានលីបង់។ ធនាគារនានាក្នុងស្រុកបានដាក់វិធានការគ្រប់គ្រងទុនក្រៅផ្លូវការ ចាប់តាំងពីវិបត្តិលីបង់បានចាប់ផ្ដើមកាលពីខែតុលា ឆ្នាំ២០១៩។ រូបិយប័ណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះជាង ៩០% នៃតម្លៃរបស់ខ្លួន។ កាលពីដើមឆ្នាំនេះ ធនាគារពិភពលោកបានហៅវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសលីបង់ថា ជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមវិបត្តិជាច្រើន ដែលពិភពលោកមិនធ្លាប់បានមើលឃើញក្នុងរយៈពេលជាង ១៥០ឆ្នាំមកនេះ។
នៅក្នុងការតវ៉ាដាច់ដោយឡែកមួយទៀត ពលរដ្ឋលីបង់រាប់សិបនាក់បានដើរក្បួនតវ៉ានៅទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ ជាការតវ៉ាទៅនឹងសេចក្ដីពង្រាយថវិកាថ្មីរបស់រដ្ឋាភិបាល។ ពួកគេបាននិយាយថា ពង្រាយច្បាប់ថ្មីនេះនឹងបង្ខំឲ្យពួកគេប្ដូរពីប្រាក់ដុល្លារទៅជាប្រាក់ផោនរបស់លីបង់ ខណៈប្រទេសនេះប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងរូបិយប័ណ្ណសាច់ប្រាក់មិនធ្លាប់មាន៕
អត្ថបទ៖ សុខមាន